តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានបដិសេធជាថ្មីម្តងទៀតជុំវិញការចោទប្រកាន់ថា ប្រទេសរបស់លោកបានលក់យន្តហោះដ្រូនអត្តឃាតឱ្យទៅទីក្រុងម៉ូស្គូ ដើម្បីឱ្យកងកម្លាំងរុស្ស៊ីប្រើវាវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ខណៈអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យបញ្ហានេះជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៦ តុលា ២០២២។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលបាននិយាយ អ៊ីរ៉ង់បានទទួលអាវុធមួយចំនួនពីរុស្ស៊ីនាពេលកន្លងមក ហើយបានផ្តល់អាវុធខ្លះដល់ពួកគេវិញ ប៉ុន្តែមិនមែនក្នុងអំឡុងពេលផ្ទុះសង្រ្គាមនៅអ៊ុយក្រែននោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ ក៏បានជួបសន្ទនាជាមួយប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell តាមទូរស័ព្ទ។

បើតាមសេចក្តីរាយការណ៍ លោក Hossein បានប្រាប់លោក Borrell ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតក្រុមអ្នកជំនាញយោធាអ៊ីរ៉ង់ និងអ៊ុយក្រែន ដើម្បីពិនិត្យមើលការប្រើប្រាស់យន្តហោះដ្រូនដែលផលិតដោយអ៊ីរ៉ង់។

លោក Hossein បានបន្តបញ្ជាក់ថា ប្រសិនបើរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដើម្បីវាយប្រហារអ៊ុយក្រែននោះ ប្រទេសរបស់លោកនឹងមិនព្រងើយកន្តើយចំពោះរឿងនេះនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ