ភ្នំពេញ៖ បញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក ក្នុងសម័យ លន់ នល់ កាលពីដើមសតវត្សរ៍ ឆ្នាំ១៩៧០ គឺជារឿងដ៏ស្មុគស្មាញ និងមានលើកឡើងជាច្រើនលើកច្រើនសាររួចមកហើយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកមុនៗ ។ ជាថ្មីម្ដងទៀតនៅក្នុងអាណត្តិរបស់លោក ចូ បៃដិន ដែលទើបនឹងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យប្រធានាធិបតីអាមេរិករូបនេះ ពិចារណាឡើងវិញ ជុំវិញបញ្ហាបំណុលដែល លន់ នល់ បានខ្ចីកាលពីសម័យសង្គ្រាម ដោយបានកើនឡើងរហូតដល់ទៅជាង៥០០លានដុល្លារនោះ។

ក្នុងឱកាសថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា «ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ប្រទេសជាច្រើន បានផ្ដល់ជំនួយដល់កម្ពុជា ប៉ុន្តែកម្ពុជាមិនបានទទួលប្រាក់មួយសេនណាទេគេជួយមកគ្រាន់តែយកប្រាក់នោះទៅសងគេតែប៉ុណ្ណោះ! ឥឡូវនេះ បំណុលដែល លន់ នល់ ជំពាក់អាមេរិក កំពុងគិតពីដើមទៅជាការ ការទៅជាដើម បូកនិងការផាកពិន័យ បណ្ដាលអោយកម្ពុជាមិនអាចទទួលឥណទាន ពី IMF បានទេ ព្រោះតែបំណុលអាមេរិកនិងរុស្សី»។

សម្ដេចបានលើកឡើងថា សម្ដេចមិនដឹងថា លន់ នល់ យកកម្ចីទាំងនោះទៅណាផងហើយបង្ខំអោយអ្នកជំនាន់ក្រោយសង សង្្ឃឹមថារដ្ឋាភិបាលរបស់ លោក ចូ បៃដិន នឹងពិចារណាជុំវិញអំពីបញ្ហានេះ គឺថាពេលនោះលន់ នល់ ខ្ចីយកមកទិញអាវុធ គ្រាប់បែក មកទម្លាក់ពេញតែស្រុកខ្មែរ! ឥឡូវបញ្ហាសំខាន់របស់យើងនោះនៅត្រង់ថា យកពូថៅមកវាយបំបែកក្បាល យើងហើយ ទាមទារអោយយើងជូតពូថៅដែលប្រឡាក់ទៅដោយឈាម យើងទៅទៀត។

សម្ដេចសង្កត់ធ្ងន់ថា « សង្ឃឹមថារដ្ឋាភិបាលរបស់ លោក ចូ បៃដិន មេត្តាពិចារណាអំពីបញ្ហានេះ ប្រៀបដូចជាការយកញញួរ យកពូថៅ មកវាយក្បាលយើងខ្ញុំហើយ តម្រូវដាច់ខាតអោយខ្ញុំជូតឈាមចេញពីពូថៅហ្នឹងទៅទៀត»។

ជាមួយគ្នានេះសម្ដេច ក៏បានស្នើដល់សហរដ្ឋអាមេរិកនិងរុស្ស៊ី បង្វែរបំណុលទាំងនោះមកជា ជំនួយសម្រាប់អភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ដូចប្រទេសជប៉ុនផងដែរ។

សម្ដេចបញ្ជាក់ថា «សហរដ្ឋអាមេរិក និងរុស្ស៊ី ជួយយើងក្នុងការចំណាយ កាត់ចោលប៉ុន្មាន នៅសល់ប៉ុន្មាន ជួយជាជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ហើយប៉ុន្មានដែលកម្ពុជា ត្រូវសង»។

សម្ដេចថា នេះជាកាតព្វកិច្ចដែល តម្រូវអោយសម្ដេចពន្យល់ អោយប្រជាពលរដ្ឋខ្មែរបានដឹង និងគ្មានការលាក់លៀមឡើយ។

សូមញ្ជាក់ថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ