ភ្នំពេញ ៖ លោក ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ កំពុងក្លាយជាបញ្ហាកាន់តែលេចធ្លោឡើង ទាំងក្នុងកម្រិតអន្តរជាតិ តំបន់ និងនៅប្រទេសកម្ពុជា ផងដែរ។

ក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងរបស់ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២១ លោក ទិន ពន្លក បានឲ្យដឹងថា ឆ្លើយតបនឹងបញ្ហានេះ ជំនួយឥតសំណងរបស់ CCCA3 មានគោលបំណងបង្កើតវិធីសាស្រ្ត និងផ្តល់បច្ចេកវិទ្យាដែលសមស្របនឹងបរិបទប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនានាដែលបានរំលេចនៅក្នុងរបាយកាណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ (Updated NDC) និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោក បានបញ្ជាក់អំពីសារសំខាន់នៃការចូលរួមពីវិស័យឯកជន ឧទាហរណ៍ការអនុវត្តថាមពលកកើតឡើងវិញ១០០ (Renewable 100)និងការអនុវត្តយន្តការកែសម្រួលកាបូនឆ្លងដែន ។ លោក ក៏បានស្នើឲ្យក្រុមការងារ CCCAធ្វើការសិក្សាអំពីសមិទ្ធផល (Outcome) និងផលប៉ះពាល់ (Impact) នៃការអនុវត្តគម្រោងជាងមួយទស្សវត្សរ៍កន្លងមកទាក់ទងនឹងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដោយយើងមិនគិតត្រឹមតែកម្រិតលទ្ធផល (Output) នោះទេ។ 

លោក បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអែត ដែលបានគាំទ្រ CCCA អស់រយៈពេលជាងមួយទសវត្សរ៍នេះ ហើយបានបង្ហាញលទ្ធផលល្អប្រសើរនៃការងារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ