នាយករដ្ឋមន្ដ្រីកម្ពុជា ៖ វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំមកនេះ តួនាទីវិស័យទេសចរណ៍ត្រូវបានមើលឃើញថា កាន់តែចំបាច់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជាការពិតណាស់ ឆ្លងកាត់នូវវិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ ត្រូវបានមើលឃើញថា កាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និងCLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្ដង បានជំរុញឱ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ ទាញទេសចរពីប្រទេសទីបី បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ និងប្រទេស៤ គោលដៅទេសចរណ៍តែមួយ»។
សម្ដេចតេជោ បញ្ជាក់ថា «ពិតណាស់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវ បានមើលឃើញកាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ, សាមគ្គីភាព និងមិត្តភាពន ប្រទេសក្នុងតំបន់»។
ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេល បច្ចុប្បន្ន និងអនាគត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដូចតទៅ៖ អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឱ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩៕EB