អន្តរជាតិ៖ លោក អេប៊ឺរហាដ ហ្សន (Eberhard Zorn) អគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានថា អាល្លឺម៉ង់ នឹងបង្កើនវត្តមានកងទ័ពរបស់ក្រុងប៊ែរឡាំង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង មកកាន់តំបន់នេះ។ កងទ័ពអាល្លឺម៉ង់ នឹងចូលរួមធ្វើសមយុទ្ធយោធា ជាមួយនឹងសម្ពន្ធមិត្ត ដើម្បីតាមឃ្លាំមើលសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Alarabiya នៅថ្ងៃទី ០១ កញ្ញា ២០២២។

លោកអគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់ បានបញ្ជាក់ ថា កងទ័ពអាល្លឺម៉ង់ កំពុងតែចូលរួមជាមួយនឹងកម្លាំងយោធារបស់សម្ពន្ធមិត្តបស្ចិមលោក ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដំឡើងសាច់ដុំ ចំពេល ក្រុងប៉េកាំងកំពុងតែបង្កើនឥទ្ធិពល នៅក្នុងតំបន់។ 

នៅក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ អាល្លឺម៉ង់ ទើបបានបញ្ជូននាវាចម្បាំងរបស់ខ្លួន ជាលើកដំបូង មកកាន់តំបន់ជម្លោះដែនទឹក នៃសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០២១ ហើយកាលពីខែសីហាកន្លងទៅថ្មីៗនេះ ក្រុងប៊ែរឡាំង ក៏បានបញ្ជូននាវាចម្បាំង ចំនួន១៣គ្រឿង មកចូលរួម ធ្វើសមយុទ្ធយោធាជាមួយសម្ពន្ធមិត្ត នៅក្នុងប្រទេសអូស្ត្រាលី។

អគ្គមេបញ្ជាការអាល្លឺម៉ង់ បានបញ្ជាក់ថា អាល្លឺម៉ង់ មានផែនការបញ្ជូនកងទ័ព កាន់តែច្រើន មកចូលរួម ធ្វើសមយុទ្ធយោធា នៅអូស្ត្រាលី នាឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ កងទ័ពជើងទឹករបស់អាល្លឺម៉ង់ ក៏នឹងបញ្ជូនកងនាវាចម្បាំងមួយក្រុម មកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤ បន្ដទៀត។ សកម្មភាពបែបនេះ អាល្លឺម៉ង់ ចង់បង្ហាញ អំពីចេតនារបស់ក្រុងប៊ែរឡាំង នៅក្នុងការបង្កើនវត្តមានយោធា នៅក្នុងតំបន់នេះផងដែរ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ