លោក ចូ បៃដិន ប្រកាសថ្កោលទោស និងប្តេជ្ញាដាក់សម្ពាធលើលោក ពូទីន ឱ្យទទួលខុសត្រូវលើសង្គ្រាមនៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសការវាយប្រហារដោយមីស៊ីលដ៏សាហាវរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយនិយាយថា ពួកគេបានកំណត់គោលដៅលើជនស៊ីវិល ក្នុងបំណងមិនមែនយោធា ហើយប្តេជ្ញាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបន្តដាក់ការចំណាយលើទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃ១១ តុលា ២០២២។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅទូទាំងអ៊ុយក្រែន រួមទាំងនៅទីក្រុងកៀវ ផងដែរ។ ការវាយប្រហារទាំងនេះ បានសម្លាប់ និងធ្វើឱ្យរបួសជនស៊ីវិលជាច្រើន ហើយថែមទាំងបានបំផ្លាញគោលដៅ ក្នុងបំណងមិនមែនយោធា។
លោក បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ពួកគេ (រុស្ស៊ី) បានបង្ហាញជាថ្មីម្តងទៀត នូវភាពឃោរឃៅបំផុតក្នុងសង្រ្គាមខុសច្បាប់របស់លោក ពូទីន លើប្រជាជនអ៊ុយក្រែន។ លោកថា ការវាយប្រហារទាំងនេះ វាគ្រាន់តែជាការពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការឈរជាមួយប្រជាជនអ៊ុយក្រែនឱ្យបានយូរ តាមដែលពួកគេត្រូវការតែប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង យើងនឹងបន្តដាក់បន្ទុកលើរុស្ស៊ីសម្រាប់ការឈ្លានពានរបស់ខ្លួន រក្សាឱ្យលោក ពូទីន និងរុស្ស៊ីទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសផ្តល់ការគាំទ្រចាំបាច់សម្រាប់កងកម្លាំងអ៊ុយក្រែន ដើម្បីការពារប្រទេស និងសិទ្ធិសេរីភាពរបស់ពួកគេ៕