អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើការថ្កោលទោសប្រទេសចិន ពាក់ព័ន្ធនឹងការបិទកាសែតដែលមានទំនោរគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង Apple Daily ដោយលោក បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ប្រជាជនហុងកុង និងអ្នកដែលក្រោកឈរឡើង ដើម្បីសេរីភាពដែលមនុស្សទាំងអស់សមនឹងទទួលបាន ។ នេះបើយោងតាមប្រភព NHK

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បាននិយាយថា វាគឺជាថ្ងៃដ៏ក្រៀមក្រំមួយសម្រាប់សេរីភាពសារព័ត៌មានក្នុងទីក្រុងហុងកុង និងជុំវិញពិភពលោក ។ លោកបន្តថា ការបង្ក្រាបកាន់តែខ្លាំងឡើងដោយទីក្រុងប៉េកាំង បានឈានដល់កម្រិតមួយដែលកាសែត Apple Daily ដែលជាមូលដ្ឋានគ្រឹះនៃសារព័ត៌មានឯករាជ្យនៅហុងកុង ឥឡូវនេះបានបញ្ឈប់ការបោះពុម្ពផ្សាយហើយ ។ 

ទន្ទឹមនេះ លោក បៃដិន ក៏បានជម្រុញទីក្រុងប៉េកាំងអោយឈប់ផ្តោតគោលដៅលើសារព័ត៌មានឯករាជ្យ ហើយដោះលែងអ្នកកាសែត និងអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួន ដោយលោកបន្ថែមថា សកម្មភាពសារព័ត៌មាន គឺមិនមែនជាបទឧក្រិដ្ឋទេ ។

គួរកត់សម្គាល់ ថ្មីៗនេះ កាសែត Apply Daily ត្រូវបានអាជ្ញាធរហុងកុងបង្កកទ្រព្យសម្បត្តិ រួមទាំងចាប់ខ្លួនអ្នកសារព័ត៌មាន បន្ទាប់ពីកាសែតមួយនេះ បានចុះផ្សាយអត្ថបទមួយអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើមេដឹកនាំចិន និងហុងកុង ។ 

គួរបញ្ជាក់ថា ប្រធានប្រតិបត្តិហុងកុងលោកស្រី ការី ឡាំ បានការពាររដ្ឋាភិបាលខ្លួនថា វាមិនមែនជាបញ្ហាអ្វីឡើយ ដែលសារព័ត៌មានរិះគន់រដ្ឋាភិបាល ប៉ុន្តែការរៀបចំសកម្ម ភាព ដើម្បីញុះញង់ឱ្យមានវិវាទប្រឆាំងរដ្ឋាភិបាល ជារឿងដោយឡែក ហើយថា ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវធ្វើវិវាទប្រឆាំងនឹងរដ្ឋាភិបាលឡើយ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ