ប្រមុខអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់នៅរដ្ឋធានីកាប៊ុល
កាប៊ុល៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្រកាសធ្វើការថ្កោលទោសចំពោះការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្ស និងបង្ករឱ្យជនស៊ីវិលជាច្រើននាក់រងរបួស នៅឯក្បែរអាកាសយានដា្ឋនទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន CNA៕
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេរហ្វែន ឌូហ្ស៊ារីក បានប្រាប់សារព័ត៌មានរ៉យទ័រថា សោកនាដកម្មនេះបានគូសបញ្ជាក់ពីការប្រែប្រួលនៃស្ថានភាពនៅមូលដ្ឋានក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែក៏ពង្រឹងការតាំងចិត្តរបស់យើងផងដែរ នៅពេលយើងបន្តផ្តល់ជំនួយបន្ទាន់នៅទូទាំងប្រទេស ក្នុងការគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន។ តាមដែលយើងដឹងនៅពេលនេះ មិនមានជនរងគ្រោះ និងរបួសក្នុងចំណោមបុគ្គលិកអង្គការសហប្រជាជាតិទេ។
ស្របពេលជាមួយគ្នានេះដែរ អង្គការ NATO ក៏បានធ្វើការថ្កោលទោសផងដែរ ចំពោះការវាយប្រហារភេវរកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៣នាក់ ក្នុងនោះមានពលរដ្ឋអាហ្វហ្គានីស្ថាន៦០នាក់ និងទាហានអាមេរិក១៣នាក់ និង១៤០នាក់ទៀតរងរបួស។
គួរបញ្ជាក់ផងដែរថា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS-K បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយទង្វើនេះ៕