អឺរ៉ុប៖ ការចាប់ឆ្នោតវគ្គជម្រុះ World Cup 2022 នៅទ្វីបអឺរ៉ុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ឆ្លងចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦៖០០នាទីល្ងាច (ម៉ោង១២៖០០ យប់នៅកម្ពុជា) នៅការិយាល័យកណ្ដាលរបស់ FIFA ក្នុងទីក្រុងហ្ស៊ូរីចប្រទេសស្វីស ដោយពុំមានការចូលរួមពីតំណាងប្រទេសជាសមាជិកនោះទេ។

នេះជាលើកដំបូងដែល ក្រុមខ្លាំងៗនៅទ្វីបអឺរ៉ុបស្ថិតនៅក្នុងក្រឡចាប់ឆ្នោតជាមួយគ្នា ខណៈក្រុមជើងឯកពិភពលោកឆ្នាំ២០១៨ បារាំង បានស្ថិតនៅក្នុងចំណោមនោះដែរ ក្រោយបាត់មុខរយៈពេល១២ឆ្នាំ។

ក្រុមទាំង៥៥ ដែលបានចូលរួមមានដូចជា៖

ក្រឡទី១: បែលហ្ស៊ិក, បារាំង, អង់គ្លេស, ព័រទុយហ្កាល់, អេស្ប៉ាញ, អ៊ីតាលី, ក្រូអាស៊ី, ដាណឺម៉ាក, អាល្លឺម៉ង់, ហូឡង់

ក្រឡទី២: ស្វីស, វេលស៍, ប៉ូឡូញ, ស៊ុយអែត, អូទ្រីស, អ៊ុយក្រែន, ស៊ែប៊ី, តួកគី, ស្លូវ៉ាគី, រ៉ូម៉ានី

ក្រឡទី៣: រុស្ស៊ី, ហុងគ្រី, សាធារណរដ្ឋអៀរឡង់, សាធារណរដ្ឋឆែក, ន័រវែស, អៀរឡង់ខាងជើង, អ៊ីស្លង់, ស្កុតឡែន, ក្រិក, ហ្វាំងឡង់

ក្រឡទី៤: បូស្ន៊ី និង អ៊ែរសេកូវីន, ស្លូវ៉ានី, ម៉ុងតេណេក្រូ, ម៉ាសេដ្វានខាងជើង(North Macedonia), អាល់បានី, ប៊ុលហ្ការី, អ៊ីស្រាអែល, បេឡារុស, ហ្សកហ្ស៊ី, លុចសំបួ(Luxembourg)

ក្រឡទី៥: អាមេនី, ស៊ីប(Cyprus), កោះហ្វារ៉ូ(Faroe Islands), អាស៊ែបៃហ្សង់, អេស្ដូនី, កាហ្សាក់ស្ថាន, កូសូវ៉ូ, លីទុយអានី(Lituania), ឡេតូនី(Latvia), អង់ដូរ៉ា

ក្រឡទី៦: ម៉ាល់តា, ម៉ុលឌីវ៉ា, លិចតិនស្តាញ(Liechtenstein), ហ្ស៊ីប្រាល់តា(Gibraltar), សាំងម៉ារីណូ(San Marino)

លក្ខន្ដិកៈនៃការចាប់ឆ្នោត៖

• ក្រុមទាំង៥៥ដែលចូលរួម ត្រូវបានបែកចែកជា១០ពូល ( ពូល A ដល់ពូល J )។

• ពូល A ដល់ពូល E មាន៥ក្រុមក្នុងមួយពូល។ ចំណែកពូល F ដល់ពូល J មាន៦ក្រុមក្នុងមួយពូល។

• ពូលទាំងឡាយដែលមាន៦ក្រុមនោះ ត្រូវមានសមាជិក១ ចាប់ចេញពីក្រឡនៃក្រុមចំណាត់ថ្នាក់ខ្ពស់បំផុត និង ១ក្រុមចាប់ចេញពីក្រឡនៃក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុត។

• អឺរ៉ុបបាន១៣កៅអីទៅជុំផ្ដាច់ព្រ័ត្រ World Cup 2022 នៅកាតារ។ ក្រុមលេខ១ប្រចាំពូលទាំង១០នៃយុទ្ធនាការជម្រុះនឹងបានកៅអីទៅវគ្គ៣២ក្រុមចុងក្រោយ។ ដោយឡែក ក្រុមលេខ២នៃពូលទាំង១០ បូកជាមួយ២ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេក្នុងពាន UEFA Nations League (ក្រុមដែលមិនជាប់លេខ១ និង លេខ២ ក្នុងតារាងវគ្គជម្រុះ World Cup) នឹងត្រូវបានប្រមូលមកប្រកួតវគ្គ play-off ដើម្បីដណ្ដើម៣កៅអីដែលនៅសល់។ ក្រុមទាំង១២ ត្រូវប្រកួតខ្វែង ក្នុងបីប្លុកផ្សេងគ្នា (១ប្លុកមាន៤ក្រុម)។ អ្នកឈ្នះវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងប្លុក នីមួយៗ នឹងបានសិទ្ធិទៅប្រកួត ជុំ ៣២ក្រុមចុងក្រោយនៅកាតារ។

កាលបរិច្ឆេទប្រកួតជម្រុះ World Cup ទ្វីបអឺរ៉ុប ទាំងវគ្គចែកពូល និង play-off នឹងធ្វើឡើងពីខែមីនា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២។

សម្រាប់ការប្រកួតជុំចុងក្រោយនៅកាតារវិញមានរយៈពេល២៨ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ