ដូចដែលប្រិយមិត្តបានជ្រាប UEFA Champions League គឺជាពានរង្វាន់ដ៏ធំបំផុតរបស់អឺរ៉ុបសម្រាប់ក្លិបនៅតំបន់អឺរ៉ុបចូលរួមប្រជែង ហើយត្រូវធ្វើឡើងជារៀងរាល់ឆ្នាំស្របគ្នាជាមួយនឹងការប្រកួតពានរង្វាន់លីគតាមតំបន់របស់ប្រទេសនីមួយៗ ដោយជាធម្មតាមាន៣២ក្រុមបែងចែកជា៨ពូលសម្រាប់លេង២ជើងទៅមក។

តែក្រោយពីមានការកោះប្រជុំសម្រេចពីសមាគមសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ការប្រកួតតាមក្បួនចាស់អាចនឹងត្រូវបានកែសម្រួលជាថ្មីចាប់ពីឆ្នាំ ២០២៤ ទៅ។ ប្រសិនរូបមន្តថ្មីនេះនឹងត្រូវបានសម្រេចអនុវត្ត នោះការប្រកួតនឹងដំណើរការដូចខាងក្រោមនេះ៖

បន្ថែម៤ក្រុមទៀត (ប្តូរពី ៣២ ក្រុម ទៅជា ៣៦ ក្រុម វិញ ហើយលែងមានការប្រកួតក្នុងពូលតទៅទៀតហើយ តែប្តូរមកជាប្រកួតសន្សំពិន្ទុស្រដៀងទម្រង់លីគ Premier League, La Liga, Serie A ឬ Lique 1 អញ្ចឹងដែរ តែមិនមែនត្រូវប្រកួតគ្នាគ្រប់ក្រុមទាំងអស់នោះទេ។ ក្រុមមួយត្រូវធ្វើការប្រកួតតែ ១០ ប្រកួតប៉ុណ្ណោះ ដោយមិនឱ្យជាន់់ក្រុមដដែលនោះទេ។ ក្រុមដែលត្រូវតតាំងគ្នានោះ ត្រូវឆ្លងកាត់ការចាប់គូដោយប្រព័ន្ធ Seeding System របស់ប្រទេសស្វីស ដែលមិនថាក្រុមខ្លាំង មធ្យម ឬខ្សោយទេ ត្រូវប៉ះគ្នាធម្មតា។

 

ក្រោយឆ្លងកាត់ ១០ ប្រកួតរួចរាល់ UEFA នឹងសម្រេចយកក្រុមចំនួន ៨ (Top 8) ដែលមានពិន្ទុខ្ពស់បំផុតក្នុងចំណោមក្រុមទាំង ៣៦ ឡើងទៅកាន់វគ្គជម្រុះ ឬ Knockout Stage (១៦ ក្រុម) ខណៈដែលក្រុម ៨ ផ្សេងទៀតគឺជ្រើសយកពីរលេខរៀងទី ៩ ដល់ ២៤ រួចចាប់ឆ្នោតប្រកួតជម្រុះយកតែ៨ក្រុមឡើងទៅវគ្គបន្តតែប៉ុណ្ណោះ។ វគ្គបន្ទាប់ (១៦ក្រុម) ត្រូវប្រកួតធម្មតាដូចក្បួនចាស់ (ចាប់គូ រួចប្រកួត២ជើង ក្នុងដី និងក្រៅដី)។

ចំណុចសំខាន់ក្នុងទម្រង់ថ្មីនេះគឺ ៨ក្រុមដែលបានឈរនៅលេខរៀងទី១ដល់ទី៨ បន្ទាប់ពីលេង១០ប្រកួតរួចរាល់នឹងទទួលបានកៅអីលេងពានរង្វាន់នេះ (Champions League) រដូវកាលក្រោយទៀតដោយស្វ័យប្រវត្តិ។ 

ចំណែកឯក្រុម៤ផ្សេងទៀតដែលត្រូវយកមកបង្គ្រប់ឱ្យបាន៣៦ក្រុមនោះត្រូវយកមួយក្រុមពី Lique 1 (លីគកំពូលបារាំង) ព្រោះពីមុនមកបារាំងទទួលបានតែ៣កៅអីទេ ខណៈ៣ក្រុមទៀតគឺត្រូវយកក្រុមណាដែលមានកំណត់ត្រានៃការប្រកួតល្អបំផុតនៅក្នុងការប្រជែងពានតំបន់អឺរ៉ុប តែចំណុចនេះត្រូវបានជំទាស់ដោយលីគកម្រិតទាបមួយចំនួន ព្រោះសូម្បីតែជើងឯកលីគរបស់ខ្លួនក៏ត្រូវប្រកួតជម្រុះដើម្បីយកកៅអីមកលេងវគ្គចែកពូលដែរកន្លងមក។ រឿងនេះ សហព័ន្ធនឹងត្រូវសម្រេចក្នុងចន្លោះពីសប្តាហ៍នេះដល់ចុងខែនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ