វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់ខ្លួនបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាសេរីភាពក្នុងការធ្វើដំណើរ និងការការពារសិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយតាលីបង់។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន NHK នៅថ្ងៃទី០៩ កញ្ញា ២០២១៕

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន(Antony Blinken)និងសមភាគីអាល្លឺម៉ង់លោក ហៃខូ ម៉ាអាស់(Heiko Maas)បានរៀបចំកិច្ចប្រជុំតាមអនឡាញស្តីពីអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ។ រដ្ឋមន្ត្រីការបរទេស និងមន្រ្តីផ្សេងទៀតមកពី ២២ ប្រទេស ក្នុងនោះរួមមានសហភាពអឺរ៉ុប អង្គការ NATO និងអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែចិន និងរុស្ស៊ីដែលមានឥទ្ធិពលលើអាហ្វហ្គានីស្ថានបានអវត្តមាន ។ 

បន្ទាប់ពីកិច្ចប្រជុំខាងលើនេះ លោក ប្លីងគែន និង ម៉ាអាស់ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯមូលដ្ឋានអាកាសអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់។ លោក ប្លីងគែន បាននិយាយថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិនឹងវិនិច្ឆ័យគណៈរដ្ឋមន្ត្រីចាំផ្ទះ និងក្រុមតាលីបង់ដោយសកម្មភាពរបស់ពួកគេ។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ុ បានប្រាប់អ្នកចូលរួមថា ជប៉ុននឹងបន្តធ្វើការជាមួយសហគមន៍ពិភពលោក ដើម្បីសម្រេចបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាពរបស់អ្នកដែលមានបំណងចាកចេញពីអាហ្វហ្គានីស្ថាន។

លោកបន្តថា ជប៉ុននឹងជួយបង្កើនវិធានការប្រឆាំងភេរវកម្មដើម្បីការពារអាហ្វហ្គានីស្ថានកុំឱ្យក្លាយជាកន្លែងក្តៅសម្រាប់អំពើភេរវកម្ម ហើយថាជប៉ុនបានបញ្ជូនបេសកជនមជ្ឈិមបូព៌ារបស់ខ្លួនគឺលោក យូអ៊ីម៊ូរ៉ា ស៊ុកាសា ទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីចរចាបញ្ហាទាំងនេះជាមួយពួកតាលីបង់។

គួរបញ្ជាក់ផងដែរថា លោក ម៉ូតេជី ក៏បានសន្យាផ្តល់ជំនួយប្រមាណ២០០លានដុល្លារសម្រាប់អាហ្វហ្គានីស្ថាន និងប្រទេសជិតខាងនៅចុងឆ្នាំនេះ ដើម្បីសាងសង់ជម្រកសម្រាប់ជនភៀសខ្លួន និងផ្គត់ផ្គង់ស្បៀងអាហារ និងទឹក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ