ម៉ាឡេស៊ី៖ វិធានការបិទប្រទេសទាំងស្រុងលើគ្រប់វិស័យទាំងអស់ ដូចដែលបានដាក់ចេញកាលពីឆ្នាំមុន អាចធានាសុវត្ថិភាពប្រជាជនពីវីរុសកូវីដ១៩បានពិតមែន តែសកម្មភាពនេះ អាចនឹងនាំអោយសេដ្ឋកិច្ចជួបវិបត្តិធ្ងន់ធ្ងរ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ម៉ាឡេស៊ី RTM និង Bernama TV នៅថ្ងៃអាទិត្យម្សិលមិញ ។ នេះបើយោងតាមប្រភព Reuters

នាឱកាសនោះដែរ លោក មូហៃយ៉ីដឌីន បានអះអាងថា យើងអាចបិទអ្វីៗគ្រប់យ៉ាង ហើយអង្គុយយ៉ាងស្ងៀម ។ បិទរោងចក្រ ហើយគ្រប់គ្នាត្រូវនៅក្នុងផ្ទះ ជាការពិតណាស់ វាអាចធានាសុវត្ថិភាពបាន ហើយក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងផងដែរ ក៏ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ច គឺមានទំហំធំធេងណាស់ ដែលនេះជាហេតុផលមួយមិនអាចឱ្យយើងបិទសេដ្ឋកិច្ច ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ក្នុងអំឡុងពេលបិទប្រទេសទាំងស្រុងកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចម៉ាឡេស៊ីស្ទើរតែដួលរលំដោយត្រូវខាតបង់ដល់ទៅ៥៧៩លានដុល្លារក្នុងមួយថ្ងៃ ។

 

គួររម្លឹកថា កាលពីដើមខែឧសភាកន្លងទៅនេះ លោក មូហៃយ៉ីដឌីន បានប្រកាសថា ម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមវិធានការបិទប្រទេសថ្នាក់ជាតិចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនាខាងមុខ ស្របពេលប្រឈមមុខនឹងការកើនឡើងករណីឆ្លងសាជាថ្មី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ