បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃ សៅរ៍ ទី ២៨ សីហា លោកប្រធានាធិបតី អាមេរិក ចូបៃដិន បានបញ្ជាក់ថា  ប្រតិបត្តិការវាយប្រហារដោយប្រើដ្រូន សម្លាប់អ្នកទទួលខុសត្រូវអង្គការរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាន ចំនួនពីរនាក់ កាលពីថ្ងៃសុក្រ មិនមែន ជាប្រតិបត្តិចុងក្រោយឡើយ ។ អាមេរិកនឹងបន្តតាមកម្ចាត់ជនមានពាក់ព័ន្ធនិងប៉ុនប៉ងធ្វើភេរវកម្មសម្លាប់ជនស៊ីវិលស្លូតត្រង់នៅកាប៊ុល។  ប៉ុន្តែ ស្ថានភាពនៅក្រុងកាប៊ុលកំពុងប្រឈមនឹងគ្រោះថ្នាក់និងការគំរាមកំហែងភេរវកម្មខ្ពស់បំផុត។ លោកប្រធានាធិបតីបានព្រមានអំពី គ្រោះរងការ វាយប្រហារភេរវកម្មនៅតំបន់អាកាសយានដ្ឋានក្រុងកាប៊ុល ក្នុងរវាង ២៤ទៅ៣៦ម៉ោង ត្រូវជាថ្ងៃអាទិត្យនិថ្ងៃចន្ទ  ស្អែកដែលជា ថ្ងៃចុងក្រោយបង្អស់មុននឹងកងទ័ពអាមេរិកត្រូវដកចេញអស់ទាំងស្រុងពីអាហ្វហ្កានីស្ថាន។


អាមេរិកក៏ទើបតែបង្ហាញអត្តសញ្ញាណទាហានអាមេរិក ទាំង១៣ នាក់ដែលបានស្លាប់ក្នុងភេរវកម្មកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមនោះ មាន ៥ នាក់ទើបតែអាយុ ២០ឆ្នាំ ពោលគឺពួកគេបានកើតនៅឆ្នាំ២០០១ ឆ្នាំ ដែលអាមេរិកចូលធ្វើ សង្គ្រាមបណ្តេញពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងបានស្លាប់នៅពេលអាមេរិកដកកងទ័ពចេញពេលពួកតាលីបង់វិលមកកាន់អំណាចវិញ។


តាមគម្រោងអាមេរិកត្រូវដកកងទ័ព និងបញ្ឈប់រាល់គ្រប់សកម្មភាពជម្លៀសនៅអាកាសយានដ្ឋានក្រុងកាប៊ុល ត្រឹម ថ្ងៃអង្គារ ទី៣១ សីហា ។ អាកាសយានដ្ឋានក្រុងកាប៊ុល ដែលជាទីតាំង ម្តុំ គត់ស្ថិតក្រោមការគ្រប់គ្រង់របស់អាមេរិកនេះ ក៏កំពុងសម្ពាធនិងច្រិបយកដោយពួកតាលីបង់ជាបណ្តើរៗ ហើយ។ តាលីបង់បានព័ទ្ធ  គ្រប់ច្រកនិងផ្លូវមកកាន់អាកាសយានដ្ឋានដោយបើកឱ្យតែឡាន ដែលមានបណ្ណអនុញ្ញាតចូលប៉ុណ្ណោះ។  មេបញ្ជាការរបស់ពួកតាលីបង់ បានប្រកាសថា នឹងកាន់កាប់អាកាសយានដ្ឋាន ទាំងមូលក្នុងពេលឆាប់ៗ។ ប៉ុន្តែដោយហេតុពួកតាលីបង់ គ្មានអ្នកបើកបរយន្តហោះគ្មានអ្នកត្រួតពិនិត្យផ្លូវ អាកាសតាលីបង់ កំពុងចរចាជាមួយតួកគី និងកាតា ដើម្បីសុំជំនួយ  ឃុំគ្រង អាកាសយានដ្ឋាន ដោយតាលីបង់ជាអ្នកធានាការពារ សន្តិសុខឯតួកគីជាអ្នកគ្រប់គ្រងកិច្ចការរដ្ឋបាល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ