SURFSIDE៖ ក្រុមមន្រ្តីបាននិយាយថា ការរុះរើនៃអគារខុនដូដែលបាក់បែកមួយផ្នែកនៅជិតឆ្នេរម៉ៃអាមី អាចនឹងកើតឡើងឆាប់ៗនៅថ្ងៃអាទិត្យ ក្នុងគោលបំណងដើម្បីកម្ទេចរចនាសម្ព័ន្ធគ្មានសុវត្ថិភាពមុនពេលព្យុះត្រូពិចអេលសា (Elsa) មកដល់។
ក្រុមមន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្សពីរនាក់ទៀតត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងការបាក់បែកនៃអគារកម្ពស់ ១២ ជាន់ Champlain Towers ខាងត្បូងនៅក្នុងសហគមន៍ Surfside។ ចំនួនជនរងគ្រោះសរុបដែលបានស្លាប់កើន ដល់ ២៤ នាក់ និង ១២៤ នាក់ នៅតែមិនទាន់រកឃើញ ឬប្រហែលជាស្លាប់អស់ ដោយប្រតិបត្តិការបានបន្តអស់រយៈពេលជាងមួយសប្តាហ៍ទៅហើយ។
លោក Alan Cominsky ប្រធានអគ្គិភ័យក្រុង Miami-Dade បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការរុះរើនូវអ្វីដែលនៅសេសសល់នៃអាគារត្រូវតែធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះព្យុះត្រូពិចអេលសា ត្រូវបានគេព្យាករណ៍ថា នឹងទៅដល់ភាគខាងត្បូងរដ្ឋផ្លរីដា នៅព្រឹកថ្ងៃច័ន្ទនេះ។ លោកបានមានប្រសាសន៍ថា “យើងមិនអាចគ្រប់គ្រងកន្លែងណាដែលវាអាចនឹងប៉ះទង្គិចបាននោះទេ” ។
គួររំលឹកថា អភិបាលក្រុងបានចុះហត្ថលេខាលើបទបញ្ជាអំពាវនាវឱ្យមានការវាយកម្ទេចអគារនេះជាបន្ទាន់ ហើយវាអាចនឹងកើតឡើងឆាប់ៗថ្ងៃអាទិត្យ។ NR