រុស្ស៊ី៖ ប៉ូលិសរុស្ស៊ី បានចាប់ខ្លួនមនុស្សជាង ១,០០០នាក់ នៅទូទាំងប្រទេស នៅថ្ងៃសៅរ៍នេះ និងបានប្រើប្រាស់កម្លាំងបាយបំបែកហ្វូងបាតុកររាប់ម៉ឺននាក់ ដែលនាំគ្នា តវ៉ាទាមទារឱ្យដោះលែងអ្នកនយោបាយប្រឆាំង លោក Alexei Navalny។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ភរិយាលោក Navalny ក៏ស្ថិតនៅក្នុងចំណោម អ្នកដែលត្រូវបានចាប់ខ្លួនផងដែរ ខណៈវិមានក្រឹមឡាំង ដែលធ្លាប់ហៅបាតុកម្មខុសច្បាប់ថាជាសកម្មភាពបង្ករឿង មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ។
គួរបញ្ជាក់ថា មេដឹកនំាគណបក្សប្រឆាំងធំបំផុត នៅក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny ត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជិះយន្ដហោះពីប្រទេសអាល្លឺម៉ង់ ត្រលប់មកដល់ទីក្រុងម៉ូស្គូវិញ កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះ ដោយវាមានរយៈពេល ០៥ខែក្រោយពីលោកប៊ិះបាត់បង់ជីវិត ដោយសារត្រូវគេលួចបំពុល៕SP