ក្រសួងការបរទេសមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃច័ន្ទនេះថា ការចោទប្រកាន់មួយនៅទីក្រុងញូវយ៉កប្រឆាំងនឹងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោក Kyaw Moe Tun ដែលជាគូប្រជែងរបស់របបសឹកកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា មិនមានអ្វីពាក់ព័ន្ធនឹងប្រទេសនេះទេ ហើយវាជាករណីក្នុងស្រុករបស់អាមេរិក។

នេះគឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់រដ្ឋាភិបាលយោធាចាប់តាំងពីការចាប់ខ្លួនពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។ 

សេចក្តីថ្លែងការណ៍នោះបានអាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ថា “ព្រឹត្តិការណ៍នេះគឺជាសំណុំរឿងក្នុងស្រុកមួយនៅសហរដ្ឋអាមេរិក។ សាលក្រមត្រូវតែធ្វើឡើងនៅសហរដ្ឋអាមេរិកយោងតាមច្បាប់របស់សហរដ្ឋអាមេរិក។ វាគ្មានអ្វីទាក់ទងនឹងមីយ៉ាន់ម៉ានោះទេ។

អាជ្ញាធរមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃសុក្រនេះថា ពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ត្រូវបានចាប់ខ្លួននៅរដ្ឋញូវយ៉ក ពីបទរៀបចំគម្រោងជួញដូរអាវុធនៅប្រទេសថៃ ដែលលក់អាវុធទៅឱ្យយោធាភូមា ដើម្បីសម្លាប់ ឬធ្វើឱ្យរបួសឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា។

កាលពីថ្ងៃសៅរ៍ លោកស្រី Linda Thomas-Greenfield បាននិយាយថា ផែនការនេះសមនឹង “លំនាំគួរឱ្យព្រួយបារម្ភ” នៃមេដឹកនាំផ្តាច់ការនិងអ្នកគាំទ្ររបស់ពួកគេ ដែលចង់ធ្វើទុក្ខបុកម្នេញគូប្រជែងនៅជុំវិញពិភពលោក។ លោកស្រី បាននិយាយទៀតថា សហរដ្ឋអាមេរិកឈរខាងសាមគ្គីភាពជាមួយ លោក Kyaw Moe Tun ហើយសរសើរលោកចំពោះ “ការតាំងចិត្ត និងភាពក្លាហានគួរឱ្យកត់សម្គាល់” ។

ឆ្លើយតបមកវិញ ក្រសួងការបរទេសបាននិយាយថា “មីយ៉ាន់ម៉ាបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់អ្នកតំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield” ។

គេបានបន្ថែមទៀតថា លោក Kyaw Moe Tun ត្រូវបានបណ្តេញចេញពីតំណែងជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ា ហើយបច្ចុប្បន្នប្រឈមនឹងដីកាចាប់ខ្លួនពីបទក្បត់ជាតិ ដោយសារតែលោកបានសម្តែងការគាំទ្រដល់រដ្ឋាភិបាលរួបរួមជាតិ។

គួររំលឹកថា ទោះបីជាមានការតវ៉ាពីរបបយោធាក៏ដោយ ក៏លោក Kyaw Moe Tun នៅតែបន្តបម្រើការនៅអង្គការសហប្រជាជាតិដែលតំណាងឱ្យរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោត ដែលត្រូវបានយោធាផ្តួលរំលំកាលពីខែកុម្ភៈ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ