ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ហាក់ព្រួយបារម្ភអំពីការកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងជនជាតិអាស៊ី
ញូវយ៉ក៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហឹង្សាប្រឆាំងនឹងជនជាតិអាស៊ី និងប្រជាជនដើមកំណើតអាស៊ីនៅទូទាំងពិភពលោកក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-១៩ ។
ខណៈដែលសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិមិនសំដៅទៅកាន់ប្រទេសណាមួយជាក់លាក់ ប៉ុន្តែវាកើតឡើងបន្ទាប់ពីការបាញ់ប្រហារនៅអាត្លង់តាកាលពីដើមខែនេះ ដែល បណ្តាលឱ្យមនុស្ស ៨ នាក់ ស្លាប់ ដោយក្នុងនោះ ៦ នាក់ ជាស្ត្រីជនជាតិអាស៊ីអាមេរិកកាំង។
ការបាញ់ប្រហារបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមសហគមន៍ក្នុងតំបន់អាស៊ី - អាមេរិកប៉ាស៊ីហ្វិក ដែលបានរាយការណ៍អំពីការកើនឡើងនូវឧក្រិដ្ឋកម្មដោយការស្អប់ខ្ពើមចាប់តាំងពីខែមីនា ឆ្នាំ ២០២០ នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅពេលនោះបានចាប់ផ្តើមសំដៅទៅលើ COVID-១៩ ថាជា “វីរុសចិន”។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា “ពិភពលោកបានឃើញការវាយប្រហារយ៉ាងសាហាវឃោរឃៅដោយពាក្យសំដីនិងការយាយីរាងកាយ ការសម្លុត ធ្វើបាបនៅក្នុងសាលារៀន ការរើសអើងនៅកន្លែងធ្វើការ ការញុះញង់ឱ្យមានការស្អប់ខ្ពើមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចភាសាកំណាច ដែលកើតឡើងដោយអ្នកដែលអាងអំណាច” ។
លោកបានមានបន្តថា “នៅក្នុងប្រទេសមួយចំនួន ស្ត្រីអាស៊ីត្រូវបានគេផ្តោតជាគោលដៅពិសេសសម្រាប់ការវាយប្រហារ ដោយបន្ថែមភាពច្របូកច្របល់លាយឡំទៅនឹងការស្អប់ខ្ពើមថែមទៀត” ។
ក្នុងដំណើរទស្សនកិច្ចនៅអាត្លង់តាកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិកលោក ចូ ប៊ៃដិន បានបង្ហាញពីច្បាប់ថ្កោលទោសថ្មីលើការប្រកាន់ពូជសាសន៍ ការកើនឡើងនូវអំពើហិង្សាប្រឆាំងអាស៊ី និងបានស្នើឱ្យជនជាតិអាមេរិកទាំងអស់ឈររួមគ្នាប្រឆាំងនឹងការស្អប់ខ្ពើមក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋនៅថ្ងៃសុក្ររបស់លោក។