ញូវែលសេឡង់ ៖ គិលានុបដ្ឋាយិកាប្រហែលជា ៣០.០០០ នាក់ នៅក្នុងប្រទេសនូវែលសេឡង់ បានដើរចេញពីការងាររបស់ពួកគេកាលពីថ្ងៃពុធ នៅក្នុងកូដកម្មរយៈពេល ៨ ម៉ោង នៅទូទាំងប្រទេស បន្ទាប់ពីការចរចាបរាជ័យជាមួយរដ្ឋាភិបាលដើម្បីទទួលបានប្រាក់ឈ្នួលប្រសើរជាងមុននិងលក្ខខណ្ឌការងារ។

សកម្មភាពធ្វើកូដកម្មនេះបានកើតឡើងបន្ទាប់ពីអង្គការគិលានុបដ្ឋាយិកានូវែលសេឡង់ (ហៅកាត់ NZNO) បានច្រានចោលការដំឡើងប្រាក់ខែ ១.៤% ដែលស្នើដោយក្រុមប្រឹក្សាសុខភាពក្នុងស្រុក កាលពីដើមសប្តាហ៍នេះ។ រដ្ឋាភិបាលនិយាយថា ការទាមទាររបស់គិលានុបដ្ឋាយិកាមានចំនួនកើនឡើង ១៧% ដែលខ្លួនមិនអាចមានលទ្ធភាព ប៉ុន្តែសន្យាថានឹងបន្តការចរចារ។

ភាពចំរូងចំរាស់នេះកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តី Jacinda Ardern ប្រឈមនឹងការរិះគន់ដែលមិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីដោះស្រាយវិសមភាពកើនឡើង បើទោះបីជាសេដ្ឋកិច្ចកំពុងងើបឡើងវិញពីការរីករាលដាលលឿនជាងការរំពឹងទុកក៏ដោយ។

សកម្មភាពកូដកម្មទាំងនោះរួមមាន គិលានុបដ្ឋាយិការាប់ពាន់នាក់បានដើរក្បួននៅតាមដងផ្លូវដែលកាន់ផ្ទាំងក្រដាស ខណៈពេលដែលអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នានៅតាមសួនច្បារ និងខាងក្រៅមន្ទីរពេទ្យក្នុងប្រទេស។

គួររលឹកថា NZNO បាននិយាយនៅក្នុងរបាយការណ៍ថា អត្រាប្រាក់ឈ្នួលនាពេលបច្ចុប្បន្នមិនទាក់ទាញចិត្តមនុស្សឱ្យចូលទៅក្នុងអាជីព ឬរក្សាបុគ្គលិកនោះទេ ហើយបានធ្វើអោយពួកគេ និងអ្នកជំងឺកើតមានហានិភ័យទៀតផង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ