នេប៉ាល់៖ ប្រទេសនេប៉ាល់បានធ្លាក់ចូលក្នុងវិបត្តិនយោបាយថ្មី កាលពីថ្ងៃសៅរ៍ នៅពេលដែលប្រធានាធិបតី លោកស្រី Bidya Devi Bhandari បានសំរេចធ្វើការរំលាយសភា និងកំណត់ការបោះឆ្នោតទូទៅនៅខែវិច្ឆិកា ក្នុងគ្រាដែលការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែអាក្រក់ទៅៗ ។
ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានថ្លែងថា ទាំងនាយករដ្ឋមន្រ្តីស្តីទី លោក K.P. Sharma Oli និងមេដឹកនាំក្រុមប្រឆាំង លោក Sher Bahadur Deuba មិនអាចបង្ហាញសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានទេនៅថ្ងៃផុតកំណត់ថ្ងៃសុក្រ ដែលកំណត់ដោយ លោកស្រី Bidya Devi Bhandari ។
សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានចេញបន្ទាប់ពីពាក់កណ្តាលអធ្រាត្របានប្រកាសថា “ប្រធានាធិបតីបានរំលាយសភាតំណាងរាស្ត្រ ហើយបានបញ្ជាឱ្យមានការបោះឆ្នោតទូទៅដំណាក់កាលទី ១ នៅថ្ងៃទី ១២ ខែវិច្ឆិកា និងដំណាក់កាលទី ២ នៅថ្ងៃទី ១៩ ខែវិច្ឆិកា” ។
ការសម្រេចចិត្តត្រូវបានធ្វើឡើងតាមអនុសាសន៍របស់គណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីស្តីទី លោក K.P. Sharma Oli ដែលការរំលាយសភានៅខែធ្នូ ឆ្នាំ ២០២០ ដោយបានធ្វើឱ្យមានការតវ៉ាជាច្រើនសប្តាហ៍ ហើយត្រូវបានតុលាការកំពូលចាត់ទុកថា ផ្ទុយពីរដ្ឋធម្មនុញ្ញ នៅខែកុម្ភៈ។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗពីគណបក្សនយោបាយអំពីការផ្លាស់ប្តូរចុងក្រោយនេះទេ។
គួររលឹកថា ប្រទេសនេប៉ាល់កំពុងប្រយុទ្ធនឹងរលកទី ២ នៃជំងឺរាតត្បាតដ៏ប្រល័យ ហើយកំពុងរាយការណ៍អំពីការឆ្លងថ្មីចំនួន ៨.២០៧ នាក់ ជាមធ្យមជារៀងរាល់ថ្ងៃ។