បរទេស៖ ក្រសួងអប់រំបាននិយាយកាលពីថ្ងៃសៅរ៍ថា សាលាបឋមសិក្សាសិង្ហបុរីនឹងផ្លាស់ប្តូរទៅការរៀនសូត្រតាមផ្ទះវិញរយៈពេល ១០ ថ្ងៃ មុនពេលការប្រឡងថ្នាក់ជាតិ ខណៈប្រទេសនេះបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩៣៥ ករណីកាលពីថ្ងៃមុន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំមុនមក។

សិស្សថ្នាក់ទី ១ ដល់ទី ៥ នឹងផ្លាស់ទៅរៀនតាមផ្ទះចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា។ រីឯ សិស្សថ្នាក់ទី ៦ នឹងឈប់សម្រាកសិក្សាពីរបីថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា មុនពេលប្រឡងថ្នាក់ជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងតាមសាលារៀន និងកាត់បន្ថយចំនួនសិស្សដែលត្រូវដាក់ឱ្យនៅដាច់ពីគេ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Chan Chun Sing បាននិយាយថា “ជាមួយនឹងការប្រលងចេញពីសាលាបឋមសិក្សា (ហៅកាត់ថា PSLE) យើងនឹងចាត់វិធានការបន្ថែមទៀតដើម្បីការពារសិស្សដែលមិនទាន់មានសិទ្ធិទទួលថ្នាំបង្ការ ហើយផ្តល់ឱ្យឪពុកម្តាយនិងសិស្សនូវសេចក្តីទុកចិត្ត” ។

ករណីកើនឡើងថ្មីៗបន្ទាប់ពីការបន្ធូរបន្ថយវិធានការការពារជំងឺកូវីដ ១៩ មួយចំនួន ដែលបានធ្វើឱ្យសិង្ហបុរីផ្អាកការបើកឡើងវិញ។ ជាង ៨០% នៃប្រជាជនរបស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

គួររំលឹកថា ប្រទេសនេះកំពុងសម្លឹងមើលការចាក់វ៉ាក់សាំងកុមារអាយុក្រោម ១២ ឆ្នាំ នៅដើមឆ្នាំ ២០២២ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ