TEMBOK GEDE៖ មនុស្សយន្តដែលផលិតដោយអ្នកភូមិនិងអ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូនេស៊ី ដើម្បីជាការកំសាន្តសប្បាយរីករាយ បានរកឃើញការប្រើប្រាស់ថ្មីក្នុងកំឡុងពេលមានជំងឺរាតត្បាត ដោយការនាំយកនូវអាហារ ជាមួយស្នាមញញឹមដោយក្តីសង្ឃឹម ដល់ប្រជាជនដែលនៅដាច់ដោយឡែកពីគេ ដែលបានឆ្លងជំងឺកូវីដ ១៩ ។
រ៉ូបូតនេះត្រូវបានផលិតឡើងដោយការប្រមូលផ្តុំរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ឆ្នាំង ខ្ទះ និងម៉ូនីទ័រទូរទស្សន៍ចាស់ៗ ឥឡូវនេះវាត្រូវបានគេដាក់ឈ្មោះថា “រ៉ូបូត Delta” ដោយសារតែវ៉ារ្យ៉ង់វីរុស Delta កំពុងតែរីករាលដាលនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។
លោក Aseyanto អាយុ ៥៣ ឆ្នាំ មេដឹកនាំសង្កាត់ ដែលជាប្រធានគម្រោងនេះបាននិយាយថា “ជាមួយនឹងវ៉ារ្យ៉ង់វីរុសថ្មី Delta និងចំនួនករណីជំងឺកូវីដ១៩ កាន់តែច្រើនឡើង ខ្ញុំបានសំរេចចិត្តប្រែក្លាយមនុស្សយន្តទៅជាសេវាកម្មមួយដែលប្រើសម្រាប់បំរើសេវាសាធារណៈដូចជា បាញ់ថ្នាំសម្លាប់មេរោគ ចែកចាយស្បៀងអាហារ និងបំពេញតម្រូវការអ្នកស្រុកដែលនៅដាច់ដោយឡែកពីគេ”។
ក្បាលរបស់មនុស្សយន្តនេះត្រូវបានផលិតពីឆ្នាំងដាំបាយ ហើយវាត្រូវបានដំណើរការដោយការបញ្ជាពីចំងាយជាមួយនឹងថាមពលថ្ម ១២ ម៉ោង។ វាគឺជាមនុស្សយន្តមួយក្នុងចំណោមមនុស្សយន្តជាច្រើនដែលផលិតនៅក្នុងភូមិ Tembok Gede ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត។
ជាក់ស្តែង បន្ទាប់ពីឈប់នៅតាមផ្លូវទៅផ្ទះរបស់អ្នកស្រុកដែលនៅដាច់ពីគ្នា ឧបករណ៍បំពងសំលេងរបស់វាបញ្ចេញសារថា “assalamu’alaikum” (សូមសន្តិភាពនៅជាមួយអ្នក) អមដោយសារបន្ថែមទៀតថា “ការដឹកបញ្ជូនគឺនៅទីនេះ សូមឆាប់ជាសះស្បើយ” ។
ភូមិ Tembok Gede ស្ថិតនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា រដ្ឋធានីនៃខេត្តជ្វាខាងកើត និងជាទីក្រុងធំទី ២ របស់ឥណ្ឌូនេស៊ី ដែលរលកទី ២ នៃការឆ្លងមេរោគកូវីដ ១៩ បានបំផ្លិចបំផ្លាញក្នុងរយៈពេលមួយខែចុងក្រោយនេះ។
គួររំលឹកថា ឥណ្ឌូនេស៊ីបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅអាស៊ីនិងកត់ត្រាការឆ្លងជាង ៣.៦៨ លាននាក់ និងការស្លាប់ជាង ១០៨,០០០ នាក់ ដោយសារវីរុសក្នុងចំណោមប្រជាជនជាង ២៧០ លាននាក់ បានរាលដាលពាសពេញប្រជុំកោះដ៏ធំនេះ។ NR