បរទេស៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃច័ន្ទនេះ បានរាយការណ៍ពីការឆ្លងវីរុសកូរូណាថ្មីប្រចាំថ្ងៃ ចំនួន ១.៩៣២ ករណី ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែសីហា ឆ្នាំ ២០២០ នេះបើយោងតាមទិន្នន័យពីក្រុមការងារជំងឺកូវីដ ១៩ របស់ប្រទេសបានបង្ហាញ ហើយរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត នៅកោះជ្វា និងកោះបាលី។

រដ្ឋមន្រ្តីខុទ្ទកាល័យជាន់ខ្ពស់ លោក Luhut Pandjaitan បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីដែលជាចំណុចកណ្តាលនៃមេរោគឆ្លងនៅអាស៊ី បានរាយការណ៍ពីការឆ្លងសរុបជិត ៤.២ លាននាក់ និងមានអ្នកស្លាប់ជាង ១៤ ម៉ឺននាក់ ប៉ុន្តែករណីថ្មីបានធ្លាក់ចុះ ៩៨% ពីកម្រិតកំពូលនៅក្នុងខែកក្កដានេះ។

អត្រាវិជ្ជមានជាមធ្យមក៏ដូចជាភាគរយនៃការធ្វើតេស្តដែលមានភាពវិជ្ជមានគឺទាបជាង ៤% ក្នុងខែនេះ ក្រោមកំរិត ៥% របស់អង្គការសុខភាពពិភពលោក សម្រាប់កំណត់ថាតើការផ្ទុះឡើងស្ថិតក្រោមការគ្រប់គ្រងឬអត់។

ទោះយ៉ាងណា លោក Luhut Pandjaitan បានព្រមានថា នៅតែមានហានិភ័យនៃរលកឆ្លងថ្មី ហើយនិយាយទៀតថា ការដាក់ឲ្យនៅដាច់ដោយឡែកនឹងត្រូវពង្រឹងនៅត្រង់ចំណុចចូល។ ហានិភ័យមួយគឺមកពីបរទេស ព្រោះចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសជិតខាងរបស់យើងនៅតែខ្ពស់នៅឡើយ លោកបានបញ្ជាក់។

គួររំលឹកថា វិធានការដែលត្រូវបានបន្ធូរបន្ថយកាលពីថ្ងៃច័ន្ទ រួមមាន ការអនុញ្ញាតឱ្យរោងកុនបើកដំណើរការឡើងវិញ ក្នុងកម្រិតសមត្ថភាព ៥០ ភាគរយ និងកុមារអាយុក្រោម ១២ ឆ្នាំ អាចទៅទស្សនាផ្សារទំនើបនៅក្នុងទីក្រុងធំ ៗរបស់កោះជ្វាបាន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ