ព្យុះស៊ីក្លូន Biparjoy នឹងបោកបក់មកឆ្នេរសមុទ្រខាងលិចប្រទេសឥណ្ឌា ដោយបង្ខំឲ្យជម្លៀសមនុស្សចំនួន ៧៥.០០០ នាក់
ឥណ្ឌា៖ អាជ្ញាធររដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា បានជម្លៀសមនុស្សជាង ៧៥.០០០ នាក់ ពីសហគមន៍ឆ្នេរសមុទ្រដែលងាយរងគ្រោះ ខណៈដែលព្យុះស៊ីក្លូន ឈ្មោះ Biparjoy ត្រូវបានគេរំពឹងថា នឹងបក់បោកពីសមុទ្រអារ៉ាប់។
នាយកដ្ឋានឧតុនិយមឥណ្ឌា បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ព្យុះស៊ីក្លូននេះមានចំងាយ ១៨០ គីឡូម៉ែត្រ (១១២ ម៉ាយល៍) ពីកំពង់ផែ Jakhau ក្នុងរដ្ឋ Gujarat និង ២៧០ គីឡូម៉ែត្រ (១៦៨ ម៉ាយល៍) ពីទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន។
លោក Kamal Dayani ប្រធានលេខាធិការ នៅក្នុងនាយកដ្ឋានចំណូលរបស់រដ្ឋ Gujarat បាននិយាយថា "យើងបានជម្លៀសមនុស្សជាង ៧៥.០០០ នាក់ ពីស្រុកឆ្នេរសមុទ្រទាំង៨ ក្នុងរដ្ឋ Gujarat ដែលត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ដោយព្យុះស៊ីក្លូននេះ" ។
ជាងនេះទៅទៀត នាយកដ្ឋានឧតុនិយម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ផ្ទះប្រក់ស្បូវបណ្តោះអាសន្នអាចនឹងត្រូវបំផ្លាញទាំងស្រុង ខណៈដែលដំណាំ ចំការ និងផ្លូវថ្នល់ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការខូចខាតដ៏ធំ ដោយបន្ថែមថា ផ្លូវដែកក៏អាចប្រឈមនឹងការរំខានផងដែរ។
រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថាន លោក Sherry Rehman បាននិយាយកាលពីថ្ងៃពុធថា Karachi ដែលជាទីក្រុងកំពង់ផែដែលមានប្រជាជន ២០ លាននាក់ មិនស្ថិតក្រោមការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែវិធានការសង្គ្រោះបន្ទាន់កំពុងត្រូវបានចាត់វិធានការដើម្បីដោះស្រាយជាមួយនឹងខ្យល់និងភ្លៀង ដែលរំពឹងថានឹងវាយលុកមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះ៕ NR
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់