សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការបរទេសកូរ៉េខាងជើងបានធ្វើការរិះគន់អ្នកជំនាញសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិថា "លំអៀង" ។

លោកស្រី Elizabeth Salmon អ្នកជំនាញថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើងកំពុងបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន។ នៅក្នុងសេចក្តីថ្លែងការណ៍សម្ពោធនេះ លោកស្រី Elizabeth Salmon បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធានការតឹងរ៉ឹងជាងរយៈពេល ២ ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ ១៩។

ជាងនេះទៅទៀត KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញអត្តសញ្ញាណថា "យើងបានបញ្ជាក់យ៉ាងច្បាស់នូវជំហរជាគោលការណ៍របស់យើងថា យើងមិនទទួលស្គាល់ ឬដោះស្រាយជាមួយ "អ្នករាយការណ៍ពិសេស" ដែលគ្រាន់តែជាអាយ៉ងរបស់សហរដ្ឋអាមេរិកនោះឡើយ" ។

យ៉ាងណាម៉ិញ ទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់ជាច្រើនដងអំពីការរំលោភសិទ្ធិមនុស្ស និងបានរិះគន់ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើបញ្ហានេះថា ជាគម្រោងដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ជាមួយគ្នានេះដែរ មន្ត្រីរូបនេះក៏បាននិយាយដែរថា "កូរ៉េខាងជើងនឹងមិនលើកលែងទោសដល់សហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធ "សិទ្ធិមនុស្ស" ប្រឆាំងនឹងកូរ៉េខាងជើង ដែលមានគោលបំណងផ្តួលរំលំប្រព័ន្ធសង្គមរបស់ខ្លួនឡើយ"។

គួររំលឹកថា របាយការណ៍ថ្មីៗដាច់ដោយឡែកមួយរបស់អង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា វិធានការទប់ស្កាត់មេរោគឆ្លងរបស់កូរ៉េខាងជើងបានធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងររបស់ប្រទេសនេះ ដោយលើកឡើងពីការរឹតត្បិតបន្ថែមលើការទទួលបានព័ត៌មាន សន្តិសុខព្រំដែនកាន់តែតឹងរ៉ឹង និងការឃ្លាំមើលតាមឌីជីថលកាន់តែខ្ពស់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ