ប្រទេសវៀតណាមកំណត់ពេលវេលាដើម្បីចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យនៅតាមទីក្រុងធំៗត្រឹមថ្ងៃទី ១៥ ខែកញ្ញា
បរទេស៖ ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យនេះថា មជ្ឈមណ្ឌលមេរោគកូរូណារបស់ប្រទេសវៀតណាមគឺ ទីក្រុងហូជីមិញនិងរដ្ឋធានីហាណូយ ត្រូវតែចាក់វ៉ាក់សាំងដល់ប្រជាជនពេញវ័យរបស់ពួកគេទាំងអស់ ដោយយ៉ាងហោចណាស់អោយបានមួយម្ជុល ត្រឹមថ្ងៃទី ១៥ ខែកញ្ញា នេះ។
ប្រទេសវៀតណាមមានអត្រាចាក់វ៉ាក់សាំងការពារមេរោគកូវីដ ១៩ ទាបបំផុតមួយ នៅក្នុងតំបន់ ដោយមានតែ ៣.៣% នៃប្រជាជន ៩៨ លាននាក់ របស់ប្រទេសនេះ បានចាក់វ៉ាក់សាំងចំនួន ២ដូស (ពេញលេញ) និង ១៥.៤% ចាក់បានចំនួន ១ដូស។
ប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលកាន់តែអាក្រក់ទៅៗ ដែលបានឆ្លងដល់មនុស្សជាង ៥២០.០០០ នាក់ និងបានសម្លាប់មនុស្ស ១៣.០០០ នាក់ ដែលភាគច្រើននៅប៉ុន្មានខែចុងក្រោយនេះ។
ទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេស មានចំនួនពាក់កណ្តាលនៃការឆ្លង និង ៨០% នៃអ្នកស្លាប់។
គួររំលឹកថា ក្រសួងបានប្រកាសអោយទីក្រុងនានាត្រូវ “ប្រមូលផ្តុំកម្លាំងដែលមានសមត្ថភាពទាំងអស់ រួមទាំង កន្លែងវេជ្ជសាស្ត្រឯកជនដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យអស់ពីសមត្ថភាព” ។ NR