កូរ៉េខាងជើងបានអនុម័តច្បាប់ដែលកំណត់សិទ្ធិក្នុងការប្រើប្រាស់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន ជាមួយនឹងច្បាប់ថ្មី ជំនួសច្បាប់ឆ្នាំ ២០១៣
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់ដែលកំណត់សិទ្ធិក្នុងការប្រើប្រាស់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា នឹងធ្វើឱ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន "មិនអាចត្រឡប់មកវិញបាន" និងរារាំងរាល់កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។
ជាក់ស្តែង ចំណាត់ការនេះកើតឡើងនៅពេលដែលអ្នកសង្កេតការណ៍និយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំឡើងវិញនូវការធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកនៅពេលនោះ ដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀតក្នុងឆ្នាំ ២០១៨ បានបរាជ័យក្នុងការបញ្ចុះបញ្ចូល លោក គីម ជុងអ៊ុន ឱ្យបោះបង់ចោលការអភិវឌ្ឍន៍អាវុធរបស់លោក។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា សភារបស់កូរ៉េខាងជើង ដែលជាសភាប្រជាជនកំពូលបានអនុម័តច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍ ជាការជំនួសច្បាប់ឆ្នាំ ២០១៣ ដែលបង្ហាញពីស្ថានភាពនុយក្លេអ៊ែររបស់ប្រទេសនេះជាលើកដំបូង។
លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា "សារៈសំខាន់បំផុតនៃការបង្កើតច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរ គឺការគូសខ្សែបន្ទាត់ដែលមិនអាចដកហូតបាន ដើម្បីកុំឱ្យមានការចរចាលើអាវុធនុយក្លេអ៊ែររបស់យើង" ដោយបន្ថែមថា លោកនឹងមិនចុះចាញ់ដោយបោះបង់ចោលអាវុធនោះទេ ទោះបីជាប្រទេសនេះប្រឈមមុខ ១០០ ឆ្នាំ ពីការដាក់ទណ្ឌកម្មក៏ដោយ។
ជាងនេះទៅទៀត KCNA រាយការណ៍ថា អ្នកតំណាងសភាម្នាក់បាននិយាយថា ច្បាប់នេះនឹងបម្រើជាការធានាផ្នែកច្បាប់ដ៏មានអានុភាពសម្រាប់ការបង្រួបបង្រួមជំហររបស់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ និងធានានូវ "លក្ខណៈតម្លាភាព ស្រប និងស្តង់ដារ" នៃគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន។
ជាងមួយគ្នានេះដែរ លោក Rob York នាយកកិច្ចការតំបន់នៅវេទិកាប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅហាវ៉ៃបាននិយាយថា "តាមពិតការសរសេរលក្ខខណ្ឌសម្រាប់ការប្រើប្រាស់គឺកម្រណាស់ ហើយវាអាចជាផលិតផលនៃគោលជំហររបស់កូរ៉េខាងជើង ថាតើវាមានតម្លៃប៉ុណ្ណាសម្រាប់អាវុធនុយក្លេអ៊ែរ និងតើវាមានសារៈសំខាន់យ៉ាងណាដល់ពួកគេសម្រាប់ការរស់រានមានជីវិត"។
គួររំលឹកថា ច្បាប់នៅដើមឆ្នាំ ២០១៣ បានចែងថា កូរ៉េខាងជើងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់ការឈ្លានពាន ឬការវាយប្រហារពីរដ្ឋនុយក្លេអ៊ែរអរិភាព និងធ្វើការវាយប្រហារសងសឹក។ ចំណែកឯច្បាប់ថ្មីនេះវិញ លើសពីនោះគឺ ដើម្បីអនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន ប្រសិនបើការវាយប្រហារដែលជិតមកដល់ដោយអាវុធប្រល័យលោក ឬប្រឆាំងនឹង "គោលដៅយុទ្ធសាស្ត្រ" របស់ប្រទេស រួមទាំងការមើលឃើញដោយការដឹកនាំរបស់ខ្លួនទៀតផង។ NR