ហ្សារកាតា៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ីបានកំណត់ករណីដំបូងរបស់ខ្លួននៃវ៉ារ្យ៉ង់ Omicron ។
វ៉ារ្យ៉ង់នេះត្រូវបានរកឃើញកាលពីល្ងាចថ្ងៃពុធ លើបុគ្គលិកនៅមន្ទីរពេទ្យ Wisma Atlet ក្នុងទីក្រុងហ្សាកាតា ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ។
រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា រហូតមកដល់ពេលនេះមិនមានការឆ្លងពីសហគមន៍ទេ ប៉ុន្តែមានករណីសង្ស័យ Omicron ចំនួន ៥ ករណី បន្ថែមទៀត រួមទាំងជនជាតិឥណ្ឌូនេស៊ី ២ នាក់ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក និងមកពីចក្រភពអង់គ្លេស និងជនជាតិចិន ៣ នាក់ ដែលបច្ចុប្បន្នកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅទីក្រុង Manado ភាគខាងជើង Sulawesi ។
រដ្ឋាភិបាលកំពុងរង់ចាំការចាត់ថ្នាក់ហ្សែនដើម្បីកំណត់ករណីទាំងនោះ។
វ៉ារ្យ៉ង់ Omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងហុងកុង កាលពីខែមុន ឥឡូវនេះត្រូវបានរាយការណ៍ដោយប្រទេសជាង ៧០ ប្រទេស នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) រួមទាំងនៅប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី សិង្ហបុរី ថៃ និងហ្វីលីពីន ជាដើម។
គួររំលឹកថា WHO បាននិយាយថា ភ័ស្តុតាងបឋមបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រហែលជាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លង និងការចម្លងដែលភ្ជាប់ទៅនឹងវ៉ារ្យ៉ង់នោះទេ ដែលនាំឱ្យហានិភ័យខ្ពស់នៃការឆ្លងឡើងវិញផងដែរ។ NR