អាមេរិក៖ និយតករសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានពង្រីកសិទ្ធិទទួលបានការចាក់ដូសជំរុញនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ក្មេងអាយុ ១៦ និង ១៧ ឆ្នាំ ខណៈដែលមន្ត្រីសុខាភិបាលសាធារណៈបានជំរុញឱ្យជនជាតិអាមេរិកឱ្យចាក់វ៉ាក់សាំងលើកទី៣ ដោយសារការព្រួយបារម្ភអំពីវ៉ារ្យ៉ង់ Omicron ថ្មី។

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បាននិយាយថា ខ្លួនបានធ្វើវិសោធនកម្មលើការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់របស់ខ្លួននៃវ៉ាក់សាំង Pfizer Inc (PFE.N) និងវ៉ាក់សាំង BioNTech SE ដើម្បីអនុញ្ញាតឱ្យយុវជនដែលមានអាយុពី ១៦-១៧ ឆ្នាំ ទទួលការចាក់វ៉ាក់សាំងលើកទី ៣ យ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ របស់ពួកគេ។

នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (ហៅកាត់ CDC) លោកស្រី Rochelle Walensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ទោះបីជាយើងមិនមានចម្លើយទាំងអស់លើវ៉ារ្យ៉ង់ Omicron ក៏ដោយ ទិន្នន័យដំបូងបង្ហាញថា ដូសជំរុញនៃវ៉ាក់សាំងកូវីដ ១៩ ជួយបានច្រើន និងពង្រឹងការការពារប្រឆាំងនឹងវ៉ារ៉្យង់ Omicron និងវ៉ារ្យ៉ង់ផ្សេងទៀត" ។ លោកស្រីបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្មេងអាយុ ១៦ និង ១៧ ឆ្នាំ ដែលមានសិទ្ធិទាំងអស់ដើម្បីទទួលវ៉ាក់សាំងនេះ។

គួររំលឹកថា CDC បានរកឃើញករណីវ៉ារ្យ៉ង់ Omicron តិចជាង ១០០ ករណី នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែពួកគេរំពឹងថាចំនួននឹងកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ