សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រខាងកើតរបស់ខ្លួន កាលពីថ្ងៃអង្គារ ខណៈដែលទីក្រុងព្យុងយ៉ាងបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងលុបចោល “គោលនយោបាយអរិភាព” របស់ពួកគេដើម្បីចាប់ផ្តើមការចរចាឡើងវិញ។
មីស៊ីលនេះត្រូវបានបាញ់ចេញពីកណ្តាលខេត្ត Jagang ភាគខាងជើង នៅម៉ោងប្រហែល ៦ និង ៤០ នាទីព្រឹក (ម៉ោង ២១:៤០ GMT) នេះបើតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានអោយដឹង។ យ៉ាងណាម៉ិញ ក្រសួងការពារជាតិជប៉ុនបាននិយាយថា វាហាក់ដូចជាមីស៊ីលផ្លោង ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
ការសាកល្បងចុងក្រោយនេះបានគូសបញ្ជាក់ពីការអភិវឌ្ឍន៍ឥតឈប់ឈរនៃប្រព័ន្ធសព្វាវុធរបស់កូរ៉េខាងជើងដែលមានការកើនឡើង ចំពេលការចរចាដែលជាប់គាំងក្នុងគោលបំណងរុះរើឃ្លាំងអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។
ការបាញ់បង្ហោះនេះ បានកើតឡើងមុនពេលឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាង ហើយបាននិយាយថា គ្មាននរណាអាចបដិសេធសិទ្ធិរបស់ប្រទេសខ្លួនក្នុងការការពារខ្លួននិងសាកល្បងអាវុធនោះឡើយ។
ជាក់ស្តែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបញ្ជាឱ្យជំនួយការ ធ្វើការវិភាគលម្អិតអំពីការផ្លាស់ប្តូរថ្មីៗរបស់កូរ៉េខាងជើង និងបង្កើតការឆ្លើយតប។
ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា ការបាញ់បង្ហោះនេះមិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ប៉ុន្តែបានគូសបញ្ជាក់ពីផលប៉ះពាល់អស្ថិរភាពនៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។ NR