Ontario៖ មនុស្សរាប់ពាន់នាក់បានដើរក្បួននៅថ្ងៃសុក្រ ដើម្បីគាំទ្រក្រុមគ្រួសារមូស្លីម នៅកាណាដា ដែលបុរសម្នាក់បើកឡានដឹកទំនិញ ដោយសំដៅទៅបុកនិងសម្លាប់ កាលពីថ្ងៃអាទិត្យមុន នៅក្នុងការវាយប្រហារមួយ ដែលប៉ូលីសបានពិពណ៌នាថា ជាបទឧក្រិដ្ឋកម្មលើការស្អប់ (hate crime)។

ជនរងគ្រោះទាំង៤ នាក់ ខ្សែស្រឡាយបីជំនាន់ ត្រូវបានសម្លាប់ នៅពេលដែល ឧក្រិដ្ឋជន ឈ្មោះ Nathaniel Veltman អាយុ ២០ ឆ្នាំ បានបើកសំដៅទៅពួកគេ ខណៈពេលពួកគេចេញទៅដើរលេងនៅជិតផ្ទះរបស់ពួកគេ។ សមាជិកគ្រួសារទី ៥ គឺក្មេងប្រុសអាយុ ៩ ឆ្នាំ បានរួចជីវិត។

ប្រជាជននៅក្រុង London ខេត្ត Ontario បានដើរក្បួនប្រហែល ៧ គីឡូម៉ែត្រ (៤.៤ ម៉ាយល៍) ពីកន្លែងដែលក្រុមគ្រួសារត្រូវបានវាយប្រហារ ទៅកាន់វិហារអ៊ីស្លាមក្បែរនោះ ដែលជាកន្លែងដែលនៅជិតកន្លែងដែល  Nathaniel Veltman ត្រូវបានប៉ូលីសចាប់ខ្លួន។

អ្នកខ្លះកាន់ផ្ទាំងក្រដាសដែលសរសេរថា “ស្អប់មិនមាននៅទីនេះទេ” “ ស្រលាញ់លុបបាត់សេចក្តីស្អប់” ។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងដទៃទៀតនៅ Ontario ជាខេត្តដែលមានប្រជាជនច្រើនបំផុតនៅកាណាដា។

ការវាយប្រហារនេះបានធ្វើឱ្យមានកំហឹងពាសពេញប្រទេសកាណាដា ដោយអ្នកនយោបាយមកពីគ្រប់ទិសទីថ្កោលទោសចំពោះឧក្រិដ្ឋកម្មនេះ ដែលជំរុញឱ្យមានការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីចាត់វិធានការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មលើការស្អប់ និងអ៊ីស្លាមបូបា។

គួររលឹកថា Nathaniel Veltman បានធ្វើការបង្ហាញខ្លួននៅតុលាការនៅថ្ងៃព្រហស្បតិ៍ ហើយនឹងត្រឡប់ទៅតុលាការវិញម្តងទៀតនៅថ្ងៃច័ន្ទ។ ជននេះប្រឈមនឹងការចោទប្រកាន់ ៤ ករណី នៃឃាតកម្មកម្រិតទី ១ និងការប៉ុនប៉ងធ្វើឃាតមួយផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ