រុស្ស៊ី៖ ប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួន ដោយមានគោលបំណងបាញ់បង្ហោះទៅក្នុងគន្លងគោចរនៅឆ្នាំ២០៣០ ប្រសិនបើប្រធានាធិបតី វ្លាឌីមៀ ពូទីន អនុញ្ញាត។
គម្រោងនេះនឹងជាកំណត់ត្រាថ្មីមួយ សម្រាប់ការរុករកអវកាសរបស់រុស្ស៊ី និងបញ្ចប់នូវកិច្ចសហប្រតិបត្តិការជិតស្និតជាមួយសហរដ្ឋអាមេរិក នៅលើស្ថានីយអវកាសអន្តរជាតិចំណាស់ (ISS) ។
ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សំដីលោក Dmitry Rogozin ប្រធានទីភ្នាក់ងារ Roscosmos បាននិយាយថា “ប្រសិនបើនៅឆ្នាំ ២០៣០ ស្របតាមផែនការរបស់យើង យើងអាចដាក់វាចូលទៅក្នុងគន្លងគោចរ វានឹងក្លាយជារបកគំឃើញដ៏លេចធ្លោមួយ” ។
គួររំលឹកថា អវកាសយានិករុស្ស៊ីបានធ្វើការជាមួយសមភាគីមកពីសហរដ្ឋអាមេរិក និងប្រទេសចំនួន១៦ ផ្សេងទៀត លើ ISS ចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុតរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ដែលទំនាក់ទំនងរបស់ពួកគេកំពុងមានវិបត្តិយ៉ាងជ្រាលជ្រៅជុំវិញបញ្ហាសិទ្ធិមនុស្ស ការវាយប្រហារតាមអ៊ីនធឺណែត និងបញ្ហាមួយចំនួនទៀត។
លោក Yuri Borisov ឧបនាយករដ្ឋមន្ត្រីបានប្រាប់ទូរទស្សន៍រុស្ស៊ីនៅចុងសប្តាហ៍នេះថា ទីក្រុងមូស្គូ នឹងជូនដំណឹងដល់ដៃគូរបស់ខ្លួន ថាខ្លួននឹងចាកចេញពីគម្រោង ISS ចាប់ពីឆ្នាំ ២០២៥ តទៅ។
តួយ៉ាង លោក Rogozin បានក៏បានបញ្ជាក់ថា ស្ថានីយ៍រុស្ស៊ី ខុសពី ISS ទំនងជានឹងមិនមានក្រុមអ្នកធ្វើការជាអចិន្ត្រៃយ៍ទេ ពីព្រោះគន្លងគោចររបស់វានឹងបញ្ចោញវិទ្យុសកម្មខ្ពស់ជាង។ ប៉ុន្តែអវកាសយានិកនឹងទៅមើលវា ហើយគេក៏នឹងប្រើ សញ្ញាសិប្បនិម្មិត (artificial intelligence-AI) និងរ៉ូបូតផងដែរ។
គួរបញ្ជាក់ផងដែរថា Interfax បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលនិយាយថា ប្រទេសរុស្ស៊ីគ្រោងនឹងចំណាយរហូតដល់ទៅ ៦ ពាន់លានដុល្លារ ដើម្បីដំណើរការគម្រោងនេះ។