បរទេស៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស (Jeff Bezos) អះអាងថា រូបលោកនឹងហោះហើរទៅកាន់ទីអវកាសនៅខែកក្កដាខាងមុខនេះ នៅលើជើងហោះហើរមានមនុស្សដំបូងបំផុត ដែលដំណើរការដោយក្រុមហ៊ុនរ៉ុក្កែត Blue Origin របស់លោកផ្ទាល់ ។ នេះបើយោងតាមសារព័ត៌មាន CNN

តាមរយៈបណ្តាញសង្គម Instagram របស់លោក Jeff Bezos កំពូលមហាសេដ្ឋីពិភពលោករូបនេះបាននិយាយថា តាំងពីខ្ញុំមានអាយុ៥ឆ្នាំ ខ្ញុំសុបិន្តចង់ធ្វើដំណើរទៅកាន់ទីអវកាស ហើយនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ខ្ញុំនឹងធ្វើដំណើរជាមួយបងប្រុសរបស់ខ្ញុំ ។ បើតាមក្រុមហ៊ុន Blue Origin នោះ លោក បេហ្សូស និងបងប្រុសរបស់លោកឈ្មោះ Mark Bezos នឹងធ្វើដំណើរតាមជើងហោះហើរដំបូងយាន New Shepard របស់ក្រុមហ៊ុន ។

ដំណើរកម្សាន្តដ៏អស្ចារ្យខាងលើនេះ នឹងមានរយៈពេលសរុប១០នាទី ដោយអ្នកដំណើរទាំងបួននាក់នៅលើនោះនឹងចំណាយពេលនៅលើខ្សែបន្ទាត់កាម៉ាន់ ដែលកំណត់ព្រំដែនរវាងបរិយាកាសផែនដី និងទីអវកាស ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់ដេញថ្លៃកៅអីទីបី ហើយការដេញថ្លៃនេះឥឡូវមានតម្លៃ២,៨លានដុល្លារ ដោយមានអ្នកចូលរួមជិត៦ពាន់នាក់មកពី១៤៣ប្រទេស ៕

សូមបញ្ជាក់ថា យោងតាមការប្រកាសរបស់ Blue Origin យាន New Shepard នឹងហោះចេញ ពីផែនដី ឡើងដល់កំពស់ប្រមាណ៧៥គីឡូម៉ែត្រ ទើបផ្តាច់ក្បាលកាប់ស៊ុលដែលផ្ទុកអ្នកដំណើរ មុននឹងហោះទំលាក់ខ្លួនមកចុះចត បញ្ឈរនៅលើផែនដីវិញ។ 

ចំណែកក្បាលកាប់ស៊ុល ដែលផ្ទុកអ្នកដំណើរ នឹងហោះឡើងដល់កំពស់ ប្រមាណ១០០គីឡូម៉ែត្រ ពីផែនដី បន្ទាប់មក ធ្លាក់មកផែនដីវិញ ដោយមានជំនួយ ពីឆ័ត្រយោងធំៗ៣។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ