បេសកកម្មយានអាវកាស Tianwen-1 ចិនចុះចតលើភពអង្គារទទួលបានជោគជ័យនៅថ្ងៃសៅរ៍នេះ
ចិន៖ យានអវកាសគ្មានមនុស្សបើកមួយរបស់ចិនបានចុះចតដោយជោគជ័យនៅលើភពអង្គារនៅថ្ងៃសៅរ៍ទី១៥ឧសភា នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ ។ព្រឹត្តិការណ៍នេះ ធ្វើអោយចិនក្លាយជាប្រទេសទី២បន្ទាប់ពីអាម៉េរិកដែលបញ្ជាយានចុះនៅភពក្រហម។
យានអវកាសTianwen-1បានចុះនៅតំបន់មួយលើខ្ពង់រាបUtopiaខាងត្បូង ដោយបន្សល់ទុកស្នាមជើងចិននៅលើភពអង្គារជាលើកដំបូង។យាននេះបានចាកចេញពីយានគោចររបស់វាកាលពីដើមថ្ងៃសៅរ៍ ហើយបន្ទប់ចុះចតបានផ្តាច់ចេញពីយានគោចរនៅប៉ុន្មានម៉ោងក្រោយ និងហោះចូលក្នុងបរិយាកាសភពអង្គារ។សារព័ត៌មានស៊ីនហួរ បាននិយាយថា ដំណើរការចុះចតរួមមាន”៩នាទីដ៏រន្ធត់” នៅពេលបន្ទប់យានចាប់ផ្តើមចុះចតលើផ្ទៃភពយឺៗ។
យានមានកង់ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យឈ្មោះZhurongឥឡូវនឹងអង្កេតមើលទីតាំងចុះចត មុនចាកចេញពីទម្ររបស់វាដើម្បីធ្វើការស្រាវជ្រាវ។យកឈ្មោះតាមទេវតាអគ្គីរបស់ចិន Zhurongមានឧបករណ៍វិទ្យាសាស្ត្រចំនួន៦ រួមមានកាម៉េរ៉ាកំរិតរូបភាពច្បាស់បំផុតមួយ។វានឹងសិក្សាដីនិងបរិយាកាសលើភពក្រហម ។Zhurong ក៏នឹងស្វែងរកសញ្ញានៃជីវិតបុរាណផងដែរ រួមមានទឹកឬទឹកកនៅក្រោមដី ដោយប្រើរ៉ាដាទម្លុះដីមួយ។
Tianwen-1 ជាបេសកកម្មឯករាជ្យដំបូងរបស់ចិនទៅកាន់ភពអង្គារ។បេសកកម្មសិក្សាស្រាវជ្រាវរួមគ្នាមួយជាមួយរុស្ស៊ី កាលពីឆ្នាំ២០១១បានជួបបរាជ័យ។
រំលឹកថា យានទម្ងន់៥តោននេះបានចេញដំណើរពីកោះហៃណាន់របស់ចិនកាលពីខែកក្កដាឆ្នាំមុន ហើយក្រោយធ្វើដំណើរអស់ជាង៦ខែ វាបានទៅដល់ភពក្រហមកាលពីខែកុម្ភៈ និងបានហោះក្រឡឹងជុំវិញចាប់តាំងពីពេលនោះមក។
សូមបញ្ជាក់ថា ចម្ងាយរវាងភពអង្គារ និងផែនដី តែងមានការប្រែប្រួលមិនទៀងនោះឡើយ គឺគម្លាតចាប់ពី ៥០លានគីឡូម៉ែត្ររហូតដល់ជាង ៤០០លានគីឡូម៉ែត្រ ដោយសារតែភពទាំងគោចរជុំវិញព្រះអាទិត្យ ក្នុងគន្លងផ្សេងគ្នា។ យ៉ាងណាមិញ នៅពេលបេសកកម្ម Tianwen-1 ទៅដល់ក្បែរភពអង្គារ វានឹងស្ថិតនៅចម្ងាយ ១៩០លានគីឡូម៉ែត្រពីភពយើង៕SP