អាមេរិក៖មហាសេដ្ឋីអង់គ្លេស លោក Richard Branson បានទៅដល់អវកាសដោយជិះយានអវកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ ដំណើរ ជោគជ័យនេះធ្វើឲ្យវិស័យទេសចរណ៍ទៅអវកាសកាន់តែអាចទៅរួចមួយកម្រិតទៀត។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP។
លោក Branson បានទៅដល់អវកាសមុនគូប្រជែងដែលមានទ្រព្យសម្បត្តិច្រើនជាងលោកខ្លាំងគឺលោក Jeff Bezos ដែលមានគម្រោងនឹង ទៅអវកាសដោយជិះយានអវកាសរបស់ខ្លួនដូចគ្នា ដែរនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ។
លោក Branson ដែលមានវ័យជិត៧១ឆ្នាំនិង ក្រុមអវកាសយានិកចំនួន ៥នាក់ ផ្សេងទៀងមកពីក្រុមហ៊ុន អាកាសចរណ៍អវកាស Virgin Galactic របស់លោកបានទៅដល់រយៈកម្ពស់ ៨៦គីឡូម៉ែត្រ នៅពីលើរដ្ឋNew Mexico សហរដ្ឋអាមេរិកដែលគ្រប់គ្រាន់សម្រាប់ឲ្យលោកទទួល បានបទពិសោធន៍គ្មានទំនាញផែនដី រយៈពេល ៣ទៅ៤ នាទី និងបានឃើញកំណោងផែនដីហើយត្រឡប់មកភពផែនដីវិញដោយជោគជ័យ។
លោក Branson បានថ្លែងបន្ទាប់ពីចុះមកដល់ដីវិញពីយានអវកាសឈ្មោះ Unity ថា «បទពិសោធន៍នោះទាំងមូលគឺអស្ចារ្យណាស់»៕