សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការខិតខំរបស់អន្តរជាតិ ដើម្បីជួយធានាសុវត្ថិភាពដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល បន្ទាប់ពីបានដកខ្លួនចេញពីប្រទេសនេះ
អាមេរិក៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ (NATO) កំពុងស្វែងរកកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលអាចធ្វើទៅបាន ដើម្បីជួយធានាដល់អាកាសយានដ្ឋាននៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន បន្ទាប់ពីកងទ័ពអាមេរិកបានដកខ្លួនចេញពីប្រទេសនេះ។
អគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក លោក Mark Milley បាននិយាយថា អាកាសយានដ្ឋានមានសារៈសំខាន់ដើម្បីធានាថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប អាចរក្សាស្ថានទូតនានានៅក្នុងប្រទេសនេះបាន។
បទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការដកកងទ័ពទាំងអស់ចេញត្រឹមថ្ងៃទី ១១ ខែកញ្ញា អាចនឹងបង្កជាជម្លោះផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាន រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយអន្តរជាតិ ជាមួយនឹងក្រុមឧទ្ទាមតាលីបង់។
រដ្ឋបាល លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនៅតែប្តេជ្ញាចិត្តចំពោះអាហ្វហ្គានីស្ថាន ដោយផ្លាស់ប្តូរការផ្តោតសំខាន់ទៅរកការទូតវិញ ខណៈពេលបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំដល់ទីក្រុងកាប៊ុល។
យ៉ាងណាមិញ ការទំនាក់ទំនងការទូតបែបនេះ រួមទាំងកិច្ចប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងសន្តិភាពដែលពិបាកដោះស្រាយរវាងកាប៊ុលនិងពួកតាលីបង់ នឹងរងទុក្ខយ៉ាងខ្លាំង ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនមិនអាចទុកស្ថានទូតនានាបានទេ ដោយសារមានការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ជាមួយគ្នានេះដែរ លោក Mark Milley បាននិយាយអំពីអាកាសយានដ្ឋានថា “នោះគឺជាគន្លឹះមួយដើម្បីរក្សាវត្តមានការទូត” ។ លោកបាននិយាយទៀតថា ប្រមុខការពារជាតិរបស់ណាតូ បានពិភាក្សាបញ្ហានេះនៅទីក្រុងប្រ៊ុចសែល (Brussels ) កាលពីថ្ងៃអង្គារ។ ប៉ុន្តែការសម្រេចចិត្តអំពីការដាក់ពង្រាយកម្លាំងសន្តិសុខណាមួយដោយប្រទេសនីមួយៗសម្រាប់អាកាសយានដ្ឋាននឹងត្រូវធ្វើឡើង នៅពេលក្រោយដោយការដឹកនាំខាងនយោបាយ។ លោកក៏បានកត់សម្គាល់អំពីកិច្ចប្រជុំកំពូលរបស់ណាតូ នាខែមិថុនា ខាងមុខនេះដែរ។ NR