រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន៖ មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី
អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov និយាយថា ទីក្រុងកៀវ បានចំណាយប្រាក់ប្រហែល១០០លានដុល្លារក្នុងមួយថ្ងៃ លើជម្លោះជាមួយរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៥ កញ្ញា ២០២៣។
លោក Aleksey Reznikov បានធ្វើបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Ukrinform ថា លោកក៏បានច្រានចោលការចោទប្រកាន់អំពើពុករលួយ និង ការពារគោលនយោបាយលទ្ធកម្មរបស់ក្រសួង ក្នុងអំឡុងពេលលោកកាន់តំណែងផងដែរ។
លោក Reznikov ថែមទាំងបានច្រានចោលការអះអាងដែលថា យោធារបស់ប្រទេសគឺសម្បូរទៅដោយអ្នកស្ម័គ្រចិត្តទៀតផង។ លោកនិយាយថា រឿងនេះគឺមិនត្រឹមត្រូវឡើយ ដោយសារតែរដ្ឋាភិបាលបានចំណាយប្រាក់ប្រហែល ១០០លានដុល្លារ ជារៀងរាល់ថ្ងៃលើជម្លោះនេះ។
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែននិយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ថ្មីនៃអន្តរកម្ម ទាំងជាមួយយោធានិងសង្គមទាំងមូលផងដែរ៕