រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ប្រកាសកញ្ចប់ជំនួយថ្មី ៤០០លានអឺរ៉ូ ដល់អ៊ុយក្រែន
បែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា អាល្លឺម៉ង់នឹងផ្តល់កញ្ចប់ជំនួយថ្មី ៤០០លានអឺរ៉ូ ដល់អ៊ុយក្រែន ជាការលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី១៩ កញ្ញា ២០២៣។
នៅពេលសាកសួរពីករណីអ៊ុយក្រែន មុនពេលចូលរួមកិច្ចប្រជុំក្រុមទំនាក់ទំនង នៅឯមូលដ្ឋានទ័ពអាកាស Ramstein រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius បាននិយាយថា «បាទ យើងនឹងផ្គត់ផ្គង់គ្រាប់មីនបន្ថែម គ្រាប់រំសេវផ្ទុះកម្រិតខ្ពស់ និងគ្រាប់កាំភ្លើងត្បាល់ គ្រាប់រ៉ុក្កែតប្រឆាំងមីន» ជាការឆ្លើយតបនឹងសំណួរថាតើកញ្ចប់ជំនួយផ្សេងទៀតដល់ទីក្រុងគៀវ ដែលត្រូវបានគ្រោងទុក ជាអ្វីនោះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា «អាវុធគឺជាអ្វីដែលអ៊ុយក្រែនត្រូវការបំផុត យើងនឹងជួយដល់យានជំនិះ និងប្រព័ន្ធដោះមីន។ យើងក៏បានយកចិត្តទុកដាក់ផងដែរអំពីរដូវរងាខាងមុខនេះ យើងនឹងបញ្ជូនសំលៀកបំពាក់ ថាមពល និងម៉ាស៊ីនកំដៅ ហើយកញ្ចប់នេះនឹងមានតម្លៃសរុប ៤០០ លានអឺរ៉ូ»។
ប្រទេសអាល្លឺម៉ង់បានផ្តល់ជំនួយដល់អ៊ុយក្រែន សរុបជាង២២ពាន់លានអឺរ៉ូ ឬជាង២៣ពាន់លានដុល្លារអាមេរិក រួចមកហើយ រាប់ចាប់ពីការផ្តល់ តង់ និងម៉ាស៊ីនភ្លើង រហូតដល់រថក្រោះ និងប្រព័ន្ធការពារដែនអាកាស៕