វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកបានសន្យាគាំទ្ររឹងមាំដូចថ្មដល់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ទី៧ ខែតុលានេះ ប្រឈមមុខនឹងអ្វីដែលលោកបានពិពណ៌នាថា ជា “ការវាយប្រហារភេវរកម្ម” ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ជាមួយនឹងការប្រកាសផ្តល់ជំនួយយោធានាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ០៨ តុលា ២០២៣។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានពណ៌នាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសលើអ៊ីស្រាអែលថា ជា “សោកនាដកម្មដ៏អាក្រក់មួយសម្រាប់មនុស្សជាតិ” និងថា លោកក៏បានជជែករឿងនេះជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់គាត់ផងដែរ។

លោក បៃដិន នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ពីសេតវិមាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានប្រាប់លោក ណឺតាន់យ៉ាហ៊ូ ថា សហរដ្ឋអាមេរិកឈរនៅជាមួយប្រជាជនអ៊ីស្រាអែល ក្នុងការប្រឈមមុខនឹងការវាយប្រហារភេរវកម្មទាំងនេះ។ លោកថា សម្រាប់រដ្ឋបាលរបស់ខ្ញុំ ការគាំទ្រដល់សន្តិសុខរបស់អ៊ីស្រាអែលគឺរឹងមាំ ហើយមិនមានការប្រែប្រួលឡើយ។ យើងនឹងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមានជំនួយដែលពលរដ្ឋរបស់ពួកគេត្រូវការ ហើយពួកគេអាចបន្តការពារខ្លួនឯង។

កងទ័ពបាននិយាយថា ជនជាតិអ៊ីស្រាអែលជាង ២០០នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស ខណៈដែលមន្រ្តីហ្កាហ្សាបានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនស្លាប់កើនដល់ ២៣២នាក់ និងរងរបួសជិត ១,៧០០នាក់ បន្ទាប់ពីការបាញ់ស្រោចគ្រាប់រ៉ុក្តែតទ្រង់ទ្រាយធំរបស់ពួកហាម៉ាស និងការវាយលុកតាមផ្លូវគោក អាកាស និងផ្លូវទឹក នៅក្នុងជម្លោះដ៏បង្ហូរឈាមបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ