លោក បៃដិន ជំរុញឱ្យអ៊ីស្រាអែលប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារជីវិតជនស៊ីវិលនៅហ្កាហ្សា
វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកអំពាវនាវឱ្យអ៊ីស្រាអែលបង្កើនការការពារអាយុជីវិតជនស៊ីវិលនៅហ្កាហ្សា និងកាត់បន្ថយការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា បន្ទាប់ពីសេតវិមានបានជំរុញអ៊ីស្រាអែល ឱ្យកាត់បន្ថយការវាយលុករបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាសនាពេលខាងមុខ។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រក្បែរទីក្រុងវ៉ាស៊ីនតោនថា ខ្ញុំចង់ឱ្យពួកគេ (អ៊ីស្រាអែល) ផ្តោតលើវិធីជួយសង្គ្រោះជីវិតជនស៊ីវិលស្លូតត្រង់ មិនមែនឈប់កម្ចាត់ក្រុមហាម៉ាសទេ ប៉ុន្តែត្រូវប្រុងប្រយ័ត្នបន្ថែមKYទៀត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួន ១៨,៤១២នាក់បានស្លាប់ និង ៥០,១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងតាមផ្លូវគោកជាបន្តបន្ទាប់លើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដើម្បីជាការឆ្លើយតបនឹងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើល ពីសំណាក់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់៕