ភ្នំពេញ​ ៖​ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើនជាមួយ​ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿនក្នុងការអនុវត្ត ឲ្យស្របតាមផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវសោភ័ណភាពទីក្រុងបៃតង។ 

ក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងនានារបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់   នៅថ្ងៃទី​២៧​ ខែមេសា​ ឆ្នាំ​២០២០​ លោក​ ស៊ុន ចាន់ថុល​  បានថ្លែងថា​ ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងកំណើនសេដ្ឋកិច្ចជាតិ។

លោក​ មានប្រសាសន៍ថា​ "បច្ចុប្បន្នក្រសួងមានគម្រោងជាច្រើនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដែលត្រូវពន្លឿនក្នុងការអនុវត្ត ឲ្យស្របតាមផែនការសកម្មភាពរបស់ក្រសួង និងផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវសោភ័ណភាពទីក្រុង​ ទីក្រុងបៃតង និងភាពទាក់ទាញ"។ 

លោកបន្ថែម​ ផែនការមេគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុត្រូវបានរៀបចំរួចហើយ  ហើយស្ថានីយបូមទឹកកខ្វក់ទាំងបីស្ថានីយដែលបានសិក្សារួច រួមទាំងការស្ដារអូរប្រឡាយនានាត្រូវពន្លឿនការសាងសង់ និងស្ដារឱ្យបានលឿនបំផុត ដើម្បីរក្សាបាននូវកំណើនទេសចរថែមទៀតចូលទៅទស្សនានៅខេត្តជាប់សមុទ្រមួយនេះ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រី​សាធារណការ​ថ្លែងអំណរគុណ​ ចំពោះ​មន្ដ្រីអគ្គនាយកដ្ឋានដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។ 

លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថ្មីនេះ ជួបពិភាក្សាឱ្យបានញឹកញាប់ថែមទៀត ដើម្បីសិក្សាស្រាវជ្រាវពីបច្ចេកទេសថ្មីៗ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រៀបចំក្រុមការងារគ្រប់គ្រង ក្រុមការងារអនុវត្តផ្ទាល់ និងសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាបាននូវសោភ័ណភាព សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ