នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា អញ្ជើញទទួលសម្ភារប្រើប្រាស់សម្រាប់ការពារក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩ (COVID-19) ពីសប្បុរសជនតំណាងក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) ដែលមានសម្ភាររួមមាន៖ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន០១គ្រឿង ទឹកថ្នាំ ចំនួន០១តោន និងសាប៉ូ ចំនួន១៥០០ដុំ ជូននាយកដ្ឋានព័ត៌មានវិទ្យា សម្រាប់យកមកប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ក៏បានទទួលស្វាគមន៏យ៉ាងកក់ក្តៅចំពោះប្រតិភូតំណាងក្រុមហ៊ុន និងតាងនាមថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិនៃនាយកដ្ឋានព័ត៌មានវិទ្យាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) ដែលបានជួយឧបត្ថម្ភដល់នាយកដ្ឋានព័ត៌មានវិទ្យា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។ 

លើសពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ក៏បានចាត់ទុកថា ការផ្តល់អំណោយជាឧបករណ៍ និងសម្ភារបង្ការ ទប់ស្កាត់ និងប្រឆាំងជម្ងឺឆ្លងកូវីដ-១៩ របស់ក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហើយក៏ជាការចូលរួមលើកកម្ពស់អនាម័យ ថែរក្សាសុខុមាលភាពរបស់មន្រ្តីរាជការសាធារណៈផងដែរ។

 

ជាងនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គិន សុជាតិ អគ្គនាយកក្រុមហ៊ុន SJ Shipping Co.,Ltd ដែលបានសម្រួលក្នុងការដឹកជញ្ជូនសម្ភារទាំងនេះ និងលោក ឧត្តមសេនីយ៍ទោ ម៉ម ដារ៉េត អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ ដែលបានជួយសម្រួលការងារជាមួយក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក ក្នុងការផ្តល់នូវគ្រឿងសម្ភារបរិក្ខាទាំងអស់ខាងលើ ជូនដល់នាយកដ្ឋានព័ត៌មានវិទ្យានាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ក៏បានជូនពរដល់ក្រុមហ៊ុន ជឹង ហៃណា អ៊ិនដាស្រ្ទី ឯ.ក (ZHENGHAINA INDUSTRY CO.,LTD) ឲ្យទទួលបានភាពរីកចម្រើនកាន់តែជឿនលឿន និងជោគជ័យបន្ថែមទៀតលើដំណើរការវិនិយោគពាណិជ្ជកម្មរបស់ខ្លូននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ