ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ មានតែអ្នកជាសះស្បើយម្នាក់
3 ឆ្នាំ មុន
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ មានតែអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជាសះស្បើយ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៤នាក់ និងអ្នកជំងឺ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕