ក្រសួងសុខាភិបាល ប្រកាសដំណឹងអំពីករណីពលករមកពីប្រទេសថៃម្នាក់ ស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងពេលធ្វើចត្តាឡីស័ក
(ត្បូងឃ្មុំ)៖ នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងបន្ទាន់អំពីករណីពលករមកពីប្រទេសថៃម្នាក់ ស្លាប់ដោយសារជំងឺគាំងបេះដូង ហើយរអិលដួលបោកក្បាលក្នុងបន្ទប់ទឹក ក្នុងពេលរូបគាត់ជាប់ធ្វើចត្តាឡីស័កនៅក្នុងវិទ្យាល័យ ត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសដែលស្លាប់ដោយសារគាំងបេះដូង មានអាយុ៥២ឆ្នាំ រស់នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្លាប់នៅវេលាម៉ោង៩៖១០ នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ។
បុរសដែលបានស្លាប់រូបនេះបានត្រឡប់ពីធ្វើការនៅប្រទេសថៃវិញ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយក៏ត្រូវបន្តដាក់ឱ្យធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មក។ ជាមួយគ្នានោះ ក្រុមការងារក៏បានយកសំណាករបស់គាត់ទៅពិនិត្យលើកទី១រួចរាល់ ហើយឃើញថា «អវិជ្ជមាន»។
ក្រោយពេលធ្វើកោសល្យវិច័យរួចរាល់ សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕