(ភ្នំពេញ)៖ ទីបំផុតទៅ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាច្បាប់ថ្មីសន្លាងនៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានចាប់ផ្តើមរៀបចំ និងតាក់តែងឡើងនូវច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពេលប្រទេសកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងល្បឿនមួយយ៉ាងលឿន ហើយត្រូវបានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាបន្តបន្ទាប់ត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ។សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ច្បាប់នេះគឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់សម្រាប់ការគ្រប់គ្រងប្រទេសពេលមានអាសន្ននៅឡើយ។រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖

១៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣៖ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤៖ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។
៥៖ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០៖ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ