ភ្នំពេញ ៖ កម្ពុជា គ្រោងដកចេញការតម្រូវឱ្យយកសំណាករកកូវីដ-១៩ លើសាច់បង្កកដែលនាំចូលពីឥណ្ឌា។ គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នឹងស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ដឹកនាំ ចំពោះករណីនេះ។ តាមគម្រោង ការដកចេញការតម្រូវឱ្យយកសំណាករកកូវីដ-១៩ លើសាច់បង្កកនាំចូលពីឥណ្ឌា នឹងចាប់អនុវត្តពីថ្ងៃទី២៥ តុលានេះតទៅ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នឹងស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ដឹកនាំ ចំពោះការដកចេញការតម្រូវឱ្យយកសំណាកសាច់បង្កកនាំចូលពីប្រទេសឥណ្ឌា ទៅធ្វើតេស្តរកកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ ដែលមានប្រភពពីប្រទេសមានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ តុលានេះ។ 

 

បើតាមប្រភពដដែល បំណងដកចេញការតម្រូវនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការចំពោះកិច្ចរកឃើញថា ក្នុងចំណោមទំនិញសាច់បង្កកនាំចូលចំនួន ១៥០កុងទឺន័រ ដែលជាមុខសញ្ញាធ្វើតេស្តរកវីរុសកូវីដ-១៩ មានតែ ៣ កុងទឺន័រប៉ុណ្ណោះ ដែលមាន«វិជ្ជមាន» កូវីដ-១៩ ហើយសាច់បង្កកទាំងនោះត្រូវបានដុតបំផ្លាញចោលកាលពីចុងខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនេះ   អត្រាឆ្លងនៃជំងឺកូវីដ-១៩ នៅប្រទេសសំខាន់ៗដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជា ក៏មានការធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ-១៩ លើសាច់បង្កកនាំចូលមកកម្ពុជាដែរ។

ដ្បិតគ្រោងដកចេញតម្រូវការធ្វើតេស្តរកកូវីដ-១៩លើសាច់បង្កកនាំចូលពីឥណ្ឌាមែន ប៉ុន្តែកម្ពុជា នៅតែរក្សាការតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កកដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌាដដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរកម្ពុជា នៅតែបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាល លើទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញផងដែរ។ 

 

បើតាមលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលដឹកនាំដោយលោក គុណ ញឹម ប្រធានគណៈកម្មការ នៅថ្ងៃព្រហស្បតិ៍នេះ វិធានការកែសម្រួលនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែតុលានេះតទៅ។ ក្នុងករណីស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញកាន់តែធូរស្រាល វិធានការទាំងនេះ នឹងអាចដកចេញទាំងស្រុង ចាប់ពីដើមឆ្នាំក្រោយ គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ 

សូមរំឭកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ៣កុងទឺន័រមាន«វិជ្ជមានកូវីដ-១៩» ពោលគឺប្រមាណ១ខែក្រោយពីកម្ពុជាសម្រេចឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា។ សូមជម្រាបដែរថា កម្ពុជាបានផ្អាកនាំចូលសាច់បង្កក និងទំនិញបង្កកពីប្រទេសឥណ្ឌាជាបណ្តោះអាសន្ន ចាប់ពី១ ឧសភា ឆ្នាំ២០២១ ដោយសារកាលណោះឥណ្ឌាមានការឆ្លងរាតត្បាតខ្លាំងក្លាដោយជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ