ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់ និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។
របាយការណ៍ពីអាជ្ញាធរ ដែលសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ បង្ហាញថា ជនសង្ស័យទាំង២នាក់ រួមមាន ៖
១. ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ ៨C ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ វិស្វករសំណង់ ( អ្នកគ្រប់គ្រង ) ។
២- ឈ្មោះ អ៊ុង សាវឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មេការ ( អ្នកគ្រប់គ្រង ) ។
ចំណែកជនរងគ្រោះ ឈ្មោះ ឈិត សុភាព ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: អនុប្រធានភូមិទួលរកា១។
សូមបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ដឹកពូកចេញ ម្ដុំចំការដូង គោលបំណងយកទៅឲ្យគេ នៅម្ដុំអង់តែនទួលគោក។ ពេលជនរងគ្រោះ ជិះម៉ូតូមកដល់ កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់បក់ខ្លាំង ក៏មានធ្លាក់ដែកទីបជ្រុងចំនួន ០១ ដើម ប្រវែង ២,៨០ម៉ែត្រ ពីលើជាន់ទី១៩ អាគារខុនដូរយីហោ ៩៩៩ ដែលកំពុងសាងសង់មានកំពស់ ២២ ជាន់ ត្រូវចំក្បាលជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះ បែកមួកសុវត្ថិភាព និងក្បាលហូរឈាមផ្នែកខាងស្ដាំ។ ភ្លាមនោះ ជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។ ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ជនសង្ស័យ ដែលជាអ្នកគ្រប់គ្រង ការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។
បន្ទាប់ពីមានករណីនេះកើតឡើង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានចុះពិនិត្យជាក់ស្តែង និងរកឃើញថា ទីតាំងសំណង់ខុនដូ៩៩៩ នេះ គឺ គ្មានលិខិតអនុញ្ញាតសាងសង់នោះទេ។ សំណង់នេះ ជារបស់ឈ្មោះ ទាវ ធីតា ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះ គឺ គ្មានកម្មករ គ្មានជាងនៅធ្វើការនោះទេ ។ ដូច្នេះហើយ លោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះ ទាំងស្រុង និង ហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាន នោះទេ រង់ចាំមានលិខិតអនុញ្ញាតទើបអាចបន្តសាងសង់បាន ៕EB