នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រំពឹងថា សិក្ខាកាមចូលវគ្គបណ្ដុះបណ្ដាលជំនាញ ព័ត៌មានវិទ្យា និងឌីហ្សាញ នឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់សង្គមជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងថា សិក្ខាកាម ចូលវគ្គស័្វយសិក្សាអនឡាញ ព័ត៌មានវិទ្យា និងឌីហ្សាញ នឹងក្លាយជាឧបករណ៍ដ៏មានភាពចាំបាច់សម្រាប់ខ្លួនឯង និង សង្គមជាតិទាំងមូល។
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ក្រសួងមហាផ្ទៃ បានបើកវគ្គស័្វយសិក្សាអនឡាញ «ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ» ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដោយមានការចូលរួមពី អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ព្រមទាំង មានសិក្ខាកាមដែលជាជាមន្ត្រីជំនាញ និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបប្រមាណជា៥៩៣នាក់។
ជាកិច្ចចាប់ផ្ដើម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានណែនាំឲ្យចូលរួមវគ្គស័្វយសិក្សាអនឡាញនេះឱ្យបានពេញលេញ សម្រាប់បម្រើឱ្យអង្គភាពរបស់ខ្លួន ជាពិសេស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចការងារទាក់ទងទៅនឹងប្រព័ន្ធ ICT នាពេលអនាគត។
នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា «សិក្ខាកាមទាំងអស់ទទួលចំណេះដឹងពីវគ្គស័្វយសិក្សាអនឡាញ នឹងក្លាយជាឧបករណ៍ ដ៏មានភាពចាំបាច់សម្រាប់ខ្លួនឯង ជាពិសេស សម្រាប់សង្គមជាតិទាំងមូល ដូច្នេះ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលនូវវគ្គស័្វយសិក្សាអនឡាញនេះ»។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាង នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានខិតខំស្វះស្វែងរកឱកាស ដើម្បីបានសិក្ខាកាមទទួលនូវអាហារូបករណ៍ សម្រាប់កម្មវិធីវិស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ នេះ ។
ឆ្លៀតឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ លើកឡើងថា ដោយមើលឃើញអំពីសកលភាវូបនីយកម្មបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូល ក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រខាងលើ ស្ថាប័នជំនាញបានកំពុងបង្កើតនូវយន្តការដំណាលគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការស្នូលទាំងឡាយគាំទ្រ ដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
សូមជម្រាបថា វគ្គស្វ័យសិក្សា (Video Training) គឺជាកម្មវិធីស្វ័យសិក្សាអនឡាញ តាមរយៈកម្មវិធី OneSala ផ្តល់ជូននូវ អាហារូបករណ៍ស្វ័យសិក្សាចំនួន ៥០០កន្លែង លើជំនាញព័ត៌មានវិទ្យា និងឌីស្សាញ ជូនដល់សិក្ខាកាមដែលចាត់បញ្ជូន មកពីបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពង្រឹងចំណេះដឹង សមត្ថភាពជំនាញ ក្នុងការអភិវឌ្ឍជាតិក្នុងយុគ្គសម័យ នៃសេដ្ឋកិច្ចឌីជីថល ការអនុវត្តរដ្ឋាភិបាលឌីជីថល និងត្រៀមខ្លួនទទួលយកការមកដល់នៃឧស្សាហកម្ម ៤.០។
អាហារូបករណ៍នេះជាការផ្តល់សមាជិកភាពរយៈពេល ១ឆ្នាំ ជូនដល់បេក្ខភាពចាត់បញ្ជូនពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃរដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចុះឈ្មោះជាសមាជិកទៅក្នុងកម្មវិធី OneSala ហើយសិក្ខាកាមអាចធ្វើការស្វ័យសិក្សា នៅក្នុងកម្មវិធីនេះលើ ១៤មុខវិជ្ជា ហើយមានជំនាញ ចំនួន៣ ធំៗ រួមមាន ៖ ជំនាញព័ត៌មានវិទ្យា ,ជំនាញរចនាក្រាហ្វិក និងកាត់តវិដេអូ និងជំនាញកុំព្យុទ័រសម្រាប់ការងាររដ្ឋបាល៕EB