ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីអាមេរិក ខណៈអ្នកជាសះស្បើយមិនមានទេ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕EB