ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលកាន់មុខតំណែង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាផ្លូវការ
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញទទួលការប្រកាសចូលកាន់មុខតំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាទីស្តីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ដែលជាតួអង្គដ៏សំខាន់មួយរូប ឱ្យធ្វើកំណែទម្រង់លើការរៀបចំ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយធ្វើការសិក្សាស្រាវជ្រាវនូវអ្វីដែលថ្មីៗ លើកឡើងនូវគោលនយោបាយមួយច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាចែកជូនទៅដល់អង្គភាពផ្សេងៗ សម្រាប់យកទៅអភិវឌ្ឍន៍ឱ្យក្លាយទៅជា អង្គភាពឌីជីថល (E-Department)។
សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ដែលឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជឿជាក់ថា នឹងបន្តដឹកនាំធ្វើកំណែទម្រង់លើវិស័យឌីជីថល ធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ លើកមុខមាត់ តាមរយៈការជំរុញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល បានដាក់ចេញនាពេលកន្លងទៅថ្មីៗនេះ៕EB