ស្អែកនេះ ! សម្តេច ស ខេង នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិនថ្មី
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិនថ្មី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នៅសាលាខេត្តប៉ៃលិន។
សូមជម្រាបថា លោកស្រី បាន ស្រីមុំ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដែលត្រូវតម្លើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោកស្រី បាន ស្រីមុំ កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៥ និងមានស្រុកកំណើតនៅខេត្តប៉ៃលិនផ្ទាល់តែម្តង។ លោកស្រី ក៏បានជាប់ជាតំណាងរាស្រ្ត ២អាណត្តិជាប់គ្នា នៅមណ្ឌលប៉ៃលិន ចាប់តាំងពីឆ្នាំ ២០១៣ មក។
ពេលនេះលោកស្រី បាន ស្រីមុំ បានក្លាយជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្រ្តខេត្តប៉ៃលិន ដែលទទួលបានតំណែងជាអភិបាលប្រចាំខេត្តទឹកដីត្បូងពេជ្រនេះ និងជាអភិបាលខេត្តស្រីទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី មិថុនា ភូថង ដែលជាអភិបាលខេត្តកោះកុងផងដែរ៕